ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលបានប្តេជ្ញាថានឹងធ្វើឱ្យប្រទេសរបស់ខ្លួនក្លាយជា "រដ្ឋស្នូលក្នុងពិភពលោក" បានប្រឈមមុខនឹងក្ដីបារម្ភការទូតអន្តរជាតិភ្លាមៗនៅថ្ងៃពុធ (០៤ ធ្នូ) នេះ បន្ទាប់ពីការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក ដែលក្រោយមកក៏ត្រូវបានដកចេញវិញ។

លោកនាយករដ្ឋមន្ត្រីស៊ុយអែត អឺហ្វ គ្រីស្ទើលសុន (Ulf Kristersson) ដែលគ្រោងនឹងធ្វើកិច្ចប្រជុំកំពូលជាមួយលោក Yoon នៅសប្តាហ៍នេះ នឹងផ្អាកដំណើរទស្សនកិច្ចគ្រោងទុករបស់ខ្លួន សារព័ត៌មានជប៉ុនជាច្រើនរាយការណ៍ថា ក្រុមសមាជិកសភាជប៉ុនទទួលបន្ទុកកិច្ចការកូរ៉េ បានលុបចោលដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូល ដែលគ្រោងធ្វើនៅពាក់កណ្តាលខែធ្នូនេះ។

ជាមួយគ្នានេះ មន្ត្រីអាមេរិកម្នាក់និយាយថា សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងត្បូង បានពន្យារពេលកិច្ចប្រជុំនៃក្រុមប្រឹក្សានុយក្លេអ៊ែរ និងសមយុទ្ធយោធាដែលពាក់ព័ន្ធដោយឥតកំណត់។

ទាហានអាមេរិកប្រហែល ២៨.៥០០នាក់ កំពុងឈរជើងនៅកូរ៉េខាងត្បូង ហើយគេមិនច្បាស់ភ្លាមៗទេថា តើសមយុទ្ធយោធារួមគ្នាផ្សេងទៀតរវាងភាគីទាំងពីរនឹងរងផលប៉ះពាល់ដោយសារវិបត្តិនយោបាយរបស់ទីក្រុងសេអ៊ូលនេះឬយ៉ាងណាឡើយ៕