ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ (០៣ ធ្នូ) ថា កងទ័ពជើងទឹក និងកងអាកាសរបស់ទីក្រុងមូស្គូ បានធ្វើសមយុទ្ធដោយបាញ់មីស៊ីលមានមូលដ្ឋានលើសមុទ្រ និងអាកាសដែលមានភាពជាក់លាក់ខ្ពស់ នៅក្នុងសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ជាផ្នែកនៃសមយុទ្ធយោធាដែលកំពុងបន្តរបស់ខ្លួន។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងទ័ពជើងទឹករុស្ស៊ី បានបាញ់មីស៊ីល ហ្សើខន (Zircon) ល្បឿនលឿនជាងសំឡេង និងមីស៊ីលតម្រង់គោលដៅ កាលីប៊ឺ (Kalibr) លើទីតាំងកំណត់ក្នុងសមុទ្រ ដោយបន្ថែមថា មីស៊ីលតម្រង់គោលដៅ អូនីកស៍ (Oniks) ក៏ត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រមេឌីទែរ៉ាណេផងដែរ។

ក្រសួងបានបញ្ជាក់ថា លំហាត់សមប្រយុទ្ធមួយចំនួនត្រូវបានអនុវត្ត "ជាមួយនឹងការប្រើប្រាស់អាវុធមានភាពជាក់លាក់ខ្ពស់" ដែលទើបទទួលបានដោយកងទ័ពជើងទឹក និងអវកាសរុស្ស៊ី ថ្មីៗនេះ។

ក្រសួងបន្ថែមថា ការហ្វឹកហ្វឺននេះមានការចូលរួមពីបុគ្គលិកយោធាជាង ១.០០០នាក់ នាវាធម្មតា និងនាវាជំនួយ ចំនួន ១០គ្រឿង និងយន្តហោះ ២៤គ្រឿង រួមទាំងយន្តហោះចម្បាំង MiG-31I ដែលបំពាក់មីស៊ីលល្បឿនលឿន គីនហ្សាល់ (Kinzhal) ពីកងកម្លាំងអវកាសយានិករុស្ស៊ី និងប្រព័ន្ធមីស៊ីល បាស្ទីន (Bastion) ផងដែរ៕