ក្រុមប្រដាប់អាវុធហេសបូឡា Kataeb ដែលមានសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ាក់ បានអំពាវនាវឲ្យទីក្រុងបាកដាដបញ្ជូនកងទ័ព ទៅកាន់ប្រទេសស៊ីរី ដើម្បីគាំទ្ររដ្ឋាភិបាលក្រុងដាម៉ាសប្រឆាំងនឹងការវាយលុករបស់ក្រុមសកម្មប្រយុទ្ធ។
ក្រុមហេសបូឡា Kataeb ឬកងពលតូចរបស់ក្រុមហេសបូឡា បានធ្វើការអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចែករំលែកនៅលើបណ្តាញ Telegram ដែលគាំទ្រអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃចន្ទ។ អត្ថបទដកស្រង់ ក៏ត្រូវបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួនផងដែរ។
ការវាយលុករបស់ក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុមឥស្លាមនិយម បានដណ្តើមកាន់កាប់ទីក្រុងអាឡិបប៉ូភាគខាងជើងនៃប្រទេសស៊ីរី ដែលបង្កឲ្យមានការព្រួយបារម្ភ នៅក្នុងមជ្ឈដ្ឋាននយោបាយ និងសន្តិសុខ នៅក្នុងប្រទេសអ៊ីរ៉ាក់ដែលនៅជិតខាង។
អ្នកនាំពាក្យរបស់ក្រុមហេសបូឡា Kataeb ដែលជាផ្នែកមួយនៃ «អ័ក្សនៃការតស៊ូ» ដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា ក្រុមនេះមិនទាន់សម្រេចចិត្តដាក់ពង្រាយយុទ្ធជនរបស់ខ្លួនទេ ប៉ុន្តែបានជំរុញឲ្យទីក្រុងបាកដាដ ធ្វើសកម្មភាព។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖«យើងជឿថា រដ្ឋាភិបាលអ៊ីរ៉ាក់ គួរតែចាប់ផ្តើមគំនិត ដើម្បីបញ្ជូនកងកម្លាំងយោធាជាទៀងទាត់ ក្នុងការសម្របសម្រួលជាមួយរដ្ឋាភិបាលស៊ីរី ដោយសារក្រុមទាំងនេះ បង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងតំបន់របស់ប្រទេសអ៊ីរ៉ាក់»។
ក្រុមហេសបូឡា Kataeb ធ្លាប់បានប្រយុទ្ធនៅក្នុងប្រទេសស៊ីរីជាមួយកងកម្លាំងដែលស្មោះត្រង់នឹងលោកប្រធានាធិបតី បាសា អាសាដ ( Bashar Assad)។