រដ្ឋាភិបាលបារាំង នៅថ្ងៃពុធ (ទី៤ ខែធ្នូ) នេះ ប្រឈមនឹងការបោះឆ្នោតដកទំនុកចិត្ត ដែលលទ្ធផលអាចបញ្ចប់រដ្ឋបាលរយៈពេលខ្លីរបស់នាយករដ្ឋមន្ត្រី លោក Michel Barnier ដោយរុញឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ពីការមានភាពវឹកវរផ្នែកនយោបាយ។
ការផ្តួលរំលំរដ្ឋាភិបាលរបស់លោក Barnier បន្ទាប់ពីឡើងកាន់តំណែងបានត្រឹមតែ ៣ខែ នឹងផ្ដល់ឲ្យលោក ប្រធានាធិបតី Emmanuel Macron នូវជម្រើសដែលខ្លួនមិនចង់បាន ក្នុងការជ្រើសរើសអ្នកស្នងតំណែងដែលអាចមាននិរន្តរភាព។
គួរបញ្ជាក់ថា រដ្ឋសភាគ្រោងនឹងពិភាក្សា ជុំវិញញត្តិចំនួន ២ ដែលត្រូវបានលើកយកមកដោយក្រុមឆ្វេងនិយមជ្រុល និងស្តាំនិយមជ្រុល ក្នុងការប្រឈមមុខដាក់គ្នាជាមួយលោក Barnier ពាក់ព័ន្ធនឹងកញ្ចប់ថវិកាឆ្នាំក្រោយ ដែលបានមើលឃើញកម្លាំងរបស់លោកនាយករដ្ឋមន្ត្រី តាមរយៈសេចក្ដីស្នើច្បាប់ហិរញ្ញប្បទានសន្តិសុខសង្គម ដោយមិនចាំបាច់បោះឆ្នោត។
ក្រុមស្ដាំនិយមជ្រុល គឺគណបក្សរួបរួមជាតិ (RN) នៃបេក្ខជនប្រធានាធិបតី ៣សម័យកាល លោកស្រី Marine Le Pen ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតគាំទ្រញត្តិ ដែលដាក់ដោយក្រុមឆ្វេងនិយម ដោយផ្ដល់នូវចំនួនគ្រប់គ្រាន់ ដើម្បីឲ្យទទួលបានការអនុម័ត។
នៅពេលត្រូវបានសួរតាមទូរទស្សន៍បារាំងថា តើមានឱកាសដែលរដ្ឋាភិបាលរបស់លោក អាចរួចផុតមិនដួលរលំ នៅក្នុងការបោះឆ្នោតថ្ងៃពុធនេះដែរ ឬទេ លោក Barnier បានឆ្លើយតបថា៖ «ខ្ញុំចង់បានបែបនេះ ហើយវាអាចទៅរួច។ ខ្ញុំគិតថា ជាមួយនឹងស្មារតីទទួលខុសត្រូវ ពោលគឺលើសពីការខ្វែងគំនិតគ្នាផ្នែកនយោបាយ ការមិនយល់ស្របគ្នា ការជំទាស់ប្រឆាំង នៅក្នុងលទ្ធិប្រជាធិបតេយ្យ យើងត្រូវប្រាប់ខ្លួនយើងថា មានប្រយោជន៍លើសពីនេះទៀត»។
ប៉ុន្តែអ្នកវិភាគភាគច្រើន ជឿថា រដ្ឋាភិបាលនេះត្រូវបានបញ្ចប់ហើយ ដោយសារក្រុមស្តាំនិយមជ្រុលរួមដៃជាមួយក្រុមឆ្វេងនិយម ដែលជាសម្ព័ន្ធភាពបង្កប់ដោយភាពមិនស្មោះត្រង់៕