អភិបាលក្រុងតូក្យូ ចង់ចាប់ផ្ដើមអនុវត្តគោលការណ៍បំពេញការងាររយៈពេលតែ ៤ថ្ងៃ ក្នុងមួយសប្ដាហ៍ សម្រាប់បុគ្គលិករដ្ឋាភិបាល នៅរដ្ឋធានីរបស់ប្រទេសជប៉ុននេះ ដែលជាផ្នែកមួយនៃការជំរុញទូទាំងប្រទេស ដើម្បីលើកកម្ពស់ដល់ភាពជាឪពុកម្តាយ។
នាយករដ្ឋមន្ត្រី លោក Shigeru Ishiba បានហៅអត្រាកំណើតទាបនឹងថ្កល់របស់ជប៉ុនថា ជា «ភាពអាសន្នដ៏ស្ងប់ស្ងាត់» ហើយបានសន្យាឲ្យមានគោលនយោបាយនានា ដូចជាម៉ោងធ្វើការដែលអាចបត់បែនបានជាដើម។ ការរំពឹងទុកដែលថា ស្ត្រីជាម្តាយកំពុងធ្វើការ គួរនៅតែជាអ្នកទទួលបន្ទុកគ្រួសារ ចិញ្ចឹមកូន និងថែទាំសាច់ញាតិនោះ ត្រូវបានគេជឿថា ជាកត្តាដ៏សំខាន់ចម្បងនៅពីក្រោយកង្វះខាតកំណើតទារកនេះ។
ដើម្បីធ្វើឲ្យសមតុល្យជីវិតការងារកាន់តែងាយស្រួលដល់ឪពុកម្តាយ អភិបាលក្រុង លោកស្រី Yuriko Koike ចង់ផ្តល់ជូនមន្ត្រីរាជការរបស់រដ្ឋបាលក្រុងតូក្យូនូវជម្រើសធ្វើការប្រចាំសប្តាហ៍មានរយៈពេលខ្លីជាងមុន ដោយចាប់ពីខែមេសាទៅ។
មន្ត្រីរដ្ឋបាលក្រុងតូក្យូទទួលបន្ទុកកិច្ចការបុគ្គលិក គឺលោកស្រី Sachi Ikegami បាននិយាយនៅថ្ងៃទី៤ ខែធ្នូនេះថា នៅក្រោមគម្រោងផែនការនេះ បុគ្គលិករដ្ឋាភិបាល លើកលែងតែអ្នកធ្វើការប្តូរវេន អាចនឹងត្រូវសម្រាករហូតដល់ ៣ថ្ងៃ ក្នុងមួយសប្តាហ៍ ប៉ុន្តែនឹងនៅតែត្រូវបំពេញរយៈពេល ១៥៥ម៉ោង ក្នុងមួយខែដដែល។
គួរបញ្ជាក់ថា សប្តាហ៍ធ្វើការរយៈពេល ៤ថ្ងៃ គឺកម្រមានណាស់នៅប្រទេសជប៉ុន ប៉ុន្តែវាត្រូវបានចាប់ជាបណ្តើរៗហើយ សម្រាប់រដ្ឋបាលក្នុងតំបន់ ដែលកំពុងប្រឹងប្រែងពង្រឹងដល់ការគាំទ្រដល់ឪពុកម្តាយ៕