មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងលោក Lee Jae-myung និយាយនៅថ្ងៃពុធនេះថា លោកប្រធានាធិបតី Yoon Suk Yeol គឺជាហានិភ័យខ្ពស់បង្ករឿងឲ្យកូរ៉េខាងជើងធ្លាក់ក្នុងជម្លោះយោធា ហើយលោកមានឱកាសសំខាន់ ក្នុងការប្រកាសច្បាប់អាជ្ញាសឹកម្តងទៀត ។
ក្រុមតំណាងរាស្រ្តប្រឆាំង និងសមាជិកគណបក្សរាប់រយនាក់ បានជួបជុំគ្នានៅមុខសភាជាតិនៅថ្ងៃពុធនេះ អំពាវនាវឲ្យមានការលាលែងពីតំណែង និងការចោទប្រកាន់លោកប្រធានាធិបតី Yoon ។
លោក Lee និយាយថា ពួកគេនឹងព្យាយាមប្រកាសច្បាប់អាជ្ញាសឹកម្តងទៀត តាមរយៈការលើកឡើងពីចំណុចខ្វះខាតរបស់ពួកគេ ក្រោយពួកគេបរាជ័យម្តង ។ ហានិភ័យបង្ករឿងជាមួយកូរ៉េខាងជើង ហើយចុងក្រោយនាំឲ្យកើតមានជម្លោះយោធា គឺខ្ពស់ខ្លាំងណាស់ ។
គួរឲ្យដឹងថា លោក Yoonបានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងសុន្ទរកថាផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃអង្គារ និងបានប្រកាសលុបចោលវិញនៅរយៈពេល ៦ម៉ោងក្រោយមក បន្ទាប់ពីសភាផ្គើននឹងការឡោមព័ទ្ធរបស់នគរបាល និងកងកម្លាំងពិសេស ដើម្បីបោះឆ្នោតរារាំងវិធានការបែបនេះ ។
ទីភ្នាក់ងារព័ត៌មាន Yonhap របស់ក្រុងសេអ៊ូល រាយការណ៍ថា គណបក្សប្រឆាំងកូរ៉េខាងត្បូងចំនួន ៦ គ្រោងនឹងដាក់សេចក្តីស្នើច្បាប់ អំពាវនាវឲ្យចោទប្រកាន់លោក Yoon ។
Yonhap រាយការណ៍បន្តទៀតថា ការបោះឆ្នោតលើសេចក្តីស្នើច្បាប់នេះ អាចនឹងរៀបចំឡើងនៅថ្ងៃទី ៦ ឬថ្ងៃទី ៧ ខែធ្នូ ៕