អង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់រដ្ឋអ៊ីស្រាអែល ថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ក្នុងសង្គ្រាមតំបន់ហ្កាហ្សា នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (០៥ ធ្នូ) នេះ ជាការចោទប្រកាន់ដែលបណ្ដាមេដឹកនាំអ៊ីស្រាអែល បានបដិសេធម្តងហើយម្តងទៀត។

ក្រុមសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍្រនេះនិយាយថា ខ្លួនបានឈានដល់ការសន្និដ្ឋានបែបនេះ បន្ទាប់ពីការវិភាគជាច្រើនខែនៃឧប្បត្តិហេតុ និងសេចក្តីថ្លែងការណ៍របស់ក្រុមមន្ត្រីអ៊ីស្រាអែល។ អង្គការលើកលែងទោសនិយាយថា ព្រំដែនផ្លូវច្បាប់សម្រាប់ឧក្រិដ្ឋកម្មបែបនេះបានឆ្លងផុតហើយ ដែលជារបាយការណ៍ម៉ឹងម៉ាត់បំផុតលើកដំបូងរបស់ខ្លួនក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធសកម្ម។

អនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ ដែលបានអនុម័តបន្ទាប់ពីមានការសម្លាប់រង្គាលជនជាតិជ្វីហ្វក្នុងរបបផ្តាច់ការណាហ្ស៊ី បានកំណត់ការប្រល័យពូជសាសន៍ថាជា "អំពើដែលបានប្រព្រឹត្តដោយចេតនាដើម្បីបំផ្លាញទាំងស្រុង ឬដោយផ្នែក លើក្រុមប្រជាជន សញ្ជាតិ ពូជសាសន៍ ឬសាសនា"។

អ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់ណាមួយពីអំពើប្រល័យពូជសាសន៍ ដោយនិយាយថាខ្លួនបានគោរពច្បាប់អន្តរជាតិ និងមានសិទ្ធិការពារខ្លួន បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស ឆ្លងព្រំដែនពីតំបន់ហ្កាហ្សា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបញ្ឆេះសង្រ្គាមហ្កាហ្សា ដ៏បង្ហូរឈាមដែលបានសម្លាប់មនុស្សជាង ៤ម៉ឺននាក់នេះ៕