ខណៈដែលបារាំង បានត្រៀមលក្ខណៈសម្រាប់ភាពមិនច្បាស់លាស់ និងចលាចលនយោបាយកាន់តែជ្រៅ បន្ទាប់ពីការបោះឆ្នោតសភាកាលពីថ្ងៃពុធដែលបានផ្តួលរំលំរដ្ឋាភិបាល រឿងមួយដែលប្រាកដបំផុតនោះគឺភាពវឹកវរនយោបាយនេះបានប្រថុយនឹងការបន្ថែមបន្ទុក និងបញ្ចេញរលកនៃទុក្ខព្រួយជាថ្មីនៅទូទាំងប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប។

អ្នកដឹកនាំធុរកិច្ច ដែលបានជួបប្រទះនឹងភាពមិនប្រាកដប្រជាអស់ជាច្រើនខែ បាននិយាយថា ពួកគេកំពុងត្រៀមខ្លួនទប់ទល់ការវាយប្រហារលើកំណើនសេដ្ឋកិច្ច ហើយសហជីពព្រមានពីការបញ្ឈប់ការងារកាន់តែច្រើន ខណៈមន្ត្រីរាជការរាប់ពាន់នាក់ រួមទាំងគ្រូបង្រៀន បុគ្គលិកមន្ទីរពេទ្យ អាកាសយានដ្ឋាន និងកម្មករក្នុងវិស័យឧស្ម័ន និងអគ្គិសនី គ្រោងធ្វើបាតុកម្មនៅទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍នេះ។

សេដ្ឋកិច្ចរបស់បារាំង ស្ថិតក្នុងភាពលំបាករួចទៅហើយ នៅពេលសភាដ៏បែកបាក់បានគាំទ្រការបោះឆ្នោតដកសេចក្ដីទុកចិត្តលើលោកនាយករដ្ឋមន្ត្រី Michel Barnier ដែលធ្វើឱ្យទីក្រុងប៉ារីសគ្មានរដ្ឋាភិបាលដំណើរការ ឬថវិកាសម្រាប់ឆ្នាំក្រោយ ដើម្បីគ្រប់គ្រងបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន។

លោក Barnier ទំនងជានៅតែធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះរហូតដល់លោកប្រធានាធិបតី Emmanuel Macron តែងតាំងនាយករដ្ឋមន្ត្រីថ្មី ហើយបារាំងនឹងប្រើប្រាស់ថវិកាឆ្នាំ២០២៤ រហូតទាល់តែមានគម្រោងថ្មីត្រូវអនុម័ត។
ការចំណាយលើថ្លៃថាមពល និងអត្រាការប្រាក់ខ្ពស់ ការធ្លាក់ចុះនៃឧស្សាហកម្មក្នុងស្រុក ការបាត់បង់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងការវិនិយោគអាជីវកម្មថយចុះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់យ៉ាងខ្លាំងក្នុងពេលពីរឆ្នាំចុងក្រោយនេះ។ អស្ថិរភាពនយោបាយចាប់តាំងពីលោក Macron បានរំលាយសភានៅរដូវក្តៅ និងរៀបចំការបោះឆ្នោតមុនអាណត្តិមក បានបណ្តាលឱ្យអាជីវកម្មនានាផ្អាកការវិនិយោគ និងការជួលបុគ្គលិកបន្ថែមទៀត៕