អាស៊ាន៖ ប្រទេសប្រ៊ុយណេប្រធានប្លុកអាស៊ានបាននិយាយកាលពីថ្ងៃអង្គារថា សហភាពមីយ៉ាន់ម៉ាគួរតែត្រូវបានគេផ្តល់ឱកាសឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពវិញ ក្នុងជំហានជាមួយនឹងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃរដ្ឋនីមួយៗរបស់អាស៊ាន។ មេដឹកនាំអាស៊ានបានចាប់ផ្តើមកិច្ចប្រជុំថ្នាក់តំបន់មួយកាលពីថ្ងៃអង្គារ ដោយពុំមានអ្នកតំណាងមកពីសហភាពមីយ៉ាន់ម៉ាចូលរួមទេ បន្ទាប់ពីការមិនដាក់បញ្ចូលគោលការណ៍រួមដ៏សំខាន់របស់ខ្លួន ដោយសារតែការមិនអើពើនឹងផែនទីសន្តិភាពដែលបានព្រមព្រៀងកាលពី ៦ខែមុន។

មហាក្សត្រស៊ូលតង់របស់ប្រ៊ុយណេ Hassanal Bolkiah បញ្ជាក់ជាថ្មីថា សហភាពមីយ៉ាន់ម៉ាគឺជាផ្នែកមួយនៃគ្រួសារអាស៊ាន ហើយទាក់ទងនឹងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង វាជារឿងសំខាន់ក្នុងការផ្តល់ឱកាសដល់សហភាពមីយ៉ាន់ម៉ា ដើម្បីវិលទៅរក ប្រក្រតីភាពឡើងវិញ។ ការបដិសេធរបស់អាស៊ានក្នុងការអនុញ្ញាតឲ្យលោកឧត្តមសេនីយ Min Aung Hlaing តំណាងមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលនេះ គឺជាការស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះមេដឹកនាំយោធារបស់ប្រទេសនេះ ចាប់តាំងពីពួកគេបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ។

ការដណ្ដើមអំណាចដោយយោធារបស់មីយ៉ាន់ម៉ាបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស និងការបង្ក្រាបដោយហិង្សាពីក្រុមអាជ្ញាធរ។ កងកម្លាំងសន្តិសុខត្រូវបានគេប៉ាន់ប្រមាណថា បានសម្លាប់ជនស៊ីវិលជិត ១,២០០នាក់ ទោះបីជារដ្ឋាភិបាលយោធាមួយនេះបានអះអាងថា ចំនួនអ្នកស្លាប់ទាបជាងនេះក៏ដោយ៕
អត្ថបទ៖ សុខមាន