ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅពីថ្ងៃព្រហស្បតិ៍នេះថា ទាហានវៀតណាមចំនួន ១២នាក់ បានស្លាប់ នៅក្នុងការផ្ទុះដោយចៃដន្យមួយ ក្នុងអំឡុងពេលសមយុទ្ធហ្វឹកហ្វឺនយោធាមួយ នៅភាគខាងត្បូងប្រទេសវៀតណាម។
របាយការណ៍ពីសារព័ត៌មានយោធាក្នុងស្រុកមួយ បានឲ្យដឹងថា អាជ្ញាធរជឿថា រន្ទះបាញ់ក្នុងអំឡុងពេលព្យុះដ៏ខ្លាំងមួយ បានបង្កឲ្យបំផ្ទុះឧបករណ៍អគ្គិសនី ខណៈដែលក្រុមនេះ កំពុងដឹកជញ្ជូនគ្រឿងផ្ទុះ។
ការផ្ទុះនេះ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ នៅឯកន្លែងបាញ់ប្រហាររបស់យោធានៃតំបន់យោធាទី ៧ ក្នុងទីក្រុង Dong Nai ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មមួយ នៅភាគខាងត្បូងប្រទេសវៀតណាម។
អាជ្ញាធរ នៅតែបន្តស្វែងរកសាកសពជនរងគ្រោះជាច្រើននាក់។ នេះបើយោងតាមរបាយការណ៍ នៅក្នុងកាសែតយោធានៃតំបន់ទី៧នេះ ។
ឧបទ្ទវហេតុបណ្តាលឲ្យមនុស្សស្លាប់ក្នុងអំឡុងពេលហ្វឹកហ្វឺនយោធា គឺកម្រកើតមានណាស់ ក្នុងប្រទេសកុម្មុយនីស្តមួយនេះ។
ឧបទ្ទវហេតុនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phan Van Giang ថ្លែងសុន្ទរកថា ដើម្បីចាប់ផ្តើមនៃការហ្វឹកហ្វឺនប្រយុទ្ធនេះ។ នេះបើយោងតាមសារព័ត៌មានរដ្ឋ Nhan Dan ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្លូវការ បានបញ្ជាក់ថា ក្រសួងការពារជាតិ បានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់ លើឧប្បត្តិហេតុនេះ។