ជនប៉ាឡេស្ទីន នាំគ្នារុករកឆ្លងកាត់គំនរបាក់បែក និងការបំផ្លិចបំផ្លាញនៅជំរំសំពត់តង់ al-Mawasi ស្ថិតក្នុងទីក្រុង Khan Younis នៅថ្ងៃព្រហស្បតិ៍ រយៈពេល ១ថ្ងៃក្រោយការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ១៧នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ។
លោក Abu Kamal al-Assar គឺជាជនប៉ាឡេស្ទីនមួយរូបនិយាយ ខណៈពលរដ្ឋរុករកជំរំតង់ថា វាគឺជាការផ្ទុះគ្រាប់ដ៏ធំ និងគួរឲ្យខ្លាចមួយ ។ គ្រប់កន្លែងក្លាយជាសំណុំភ្លើង ។ ពួកយើងអត់ដឹងថាកើតមានរឿងអ្វីនោះទេ កូនប្រុសរបស់ខ្ញុំ និងខ្ញុំខ្ទាតចេញក្រៅ ។ ពួកយើងហោះចេញក្រៅ ។

ការវាយប្រហារតាមច្រកអាកាសនេះ បានកើតមានឡើងពេលដែល រថក្រោះអ៊ីស្រាអែល បានរុលចូលតំបន់ភាគខាងជើងទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប កាលពីថ្ងៃពុធ ហើយគ្រូបឋមប៉ាឡេស្ទីន និយាយថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៤៧នាក់ នៅទូទាំងតំបន់បិទច្រកមួយនេះ ។
ប្រភពព័ត៌មាន បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា ប្រេសិតពិសេសរបស់លោក Donald Trump ប្រចំាតំបន់មជ្ឈិមបូព៌ា បានធ្វើដំណើរទៅកាន់ប្រទេសកាតា និងអ៊ីស្រាអែល កាលពីចុងខែវិច្ឆិកាកន្លងទៅ ដើម្បីចាប់ផ្តើមដំណើរជំរុញផ្នែកការទូតរបស់ប្រធានាធិបតីជាប់ឆ្នោតរូបនេះ ជួយឲ្យឈានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ មុនពេលរូបលោកឡើងកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំក្រោយ ៕
