ពលរដ្ឋស៊ីរីជម្លៀសខ្លួនរាប់រយនាក់ ដែលរត់ភៀសខ្លួនចេញពីការវាយប្រហាររបស់ក្រុមឧទ្ទាមនៅតំបន់ជនបទទីក្រុង Aleppo បានស្វែងរកទីជម្រកនៅទីក្រុង Tabqa ដោយពួកគេសម្រាកនៅតាមដងផ្លូវ ។
អ្នកស្រី Shafiqa Saeeda និងប្តី Mohamed Nassro របស់គាត់ ស្ថិតនៅក្នុងចំណោមពលរដ្ឋជនជាតិភាគតិចស៊ីរី Yazidis ដែលបានធ្វើដំណើរមកដល់ទីក្រុង Tabqa ក្រោយរត់ភៀសខ្លួនចេញពីតំបន់ជនបទ Al-Shahba កាលពីចន្ទកន្លងទៅ ។ Yazidis គឺជាជនជាតិភាគតិចសាសនាបុរាណនៅតំបន់ភាគខាងកើតស៊ីរី និងនៅភាគពាយព្យអ៊ីរ៉ាក់ ។
ចៅប្រុសរបស់ពួកគេឈ្មោះ Afrin បានកើតតាមផ្លូវកណ្តាលវាលកាលពីព្រឹកថ្ងៃពុធ ។
អ្នកស្រី Saeeda និយាយថា ចៅប្រុសរបស់ពួកយើងកើតបាន ៣ថ្ងៃហើយ ពួកយើងដេកក្រៅនៅកណ្តាលវាល ។
អង្គុយក្នុងជំរំតង់ដែលក្រោយត្រូវបានផ្តល់ជូនគ្រួសាររបស់គាត់ដោយរដ្ឋបាលស្វយ័តឃើដ អ្នកស្រី Saeeda និយាយថា ពួកយើងរកអ្វីទទួលទានគ្មាននោះទេ ពេលដែលពួកយើងឃ្លាន ហើយក៏គ្មានចង្រ្កានចម្អិនអាហារនោះដែរ ។
សូមបញ្ជាក់ថា ក្រុមឧទ្ទាមស៊ីរី ដណ្តើមបានគ្រប់គ្រងទីក្រុងភាគខាងជើង Aleppo កាលពីសប្តាហ៍មុន ហើយចាប់តាំងពីពេលនោះមក ពួកគេបានរុលទៅភាគខាងត្បូងចេញពីតំបន់កាន់កាប់របស់ពួកគេនៅភាគពាយ័ព្យប្រទេសស៊ីរី ៕


