ឧទ្យានធម្មជាតិ Albufera ដែលជាតំបន់អភិរក្សតំបន់ឆ្នេរដ៏ធំល្វឹងល្វើយ ត្រូវបានគេស្គាល់ថាស្ថិតក្នុងចំណោមតំបន់វាលទំនាបជីវចម្រុះបំផុតរបស់អឺរ៉ុប ។
ប៉ុន្តែទឹកជំនន់បានវាយប្រហារតំបន់ភាគអាគ្នេយ៍អេស្ប៉ាញ ហើយក្នុងពេលតែមួយនេះ វាបានធ្វើឲ្យបឹងបច្ចុប្បន្នពេញដោយសម្រាម និងកាកសំណល់ពុល ។
ជាទីជម្រកសម្រាប់សត្វស្លាប់រាប់រយប្រភេទ និងមច្ឆាទឹកសាបជិតផុតពូជ បឹង Albufera បច្ចុប្បន្នពេញដោយកាកសំណល់ដូចជាប្លាស្ទិក និងរថយន្តខូច ។
យោងតាមរបាយការណ៍ពីសាលាក្រុងតំបន់ Valencia បានឲ្យដឹងថា ទឹកជំនន់ពុំធ្លាប់ដែលមានពីមុន បានធ្វើឲ្យកម្រឹតទឹកបឹងឡើងកម្ពស់ ១ម៉ែត្រ ស្មើនឹង ៥០-៧០ភាគរយនៃចំនួនទឹកដែលជាទូទៅបឹងមួយនេះទួលបានក្នុងរយៈពេល ១ឆ្នាំ ហើយវាមាននូវផលប៉ះពាល់ដល់ស្បៀងអាហារផងដែរ ។
វាលស្រែនៅឧទ្យានធម្មជាតិ Albufera ផ្តល់ស្រូវចំនួន ១៧ភាគរយនៃស្រូវសរុបទាំងអស់របស់អេស្ប៉ាញ ។ លោក Vicent Moncoli គឺជាកសិករមួយរូប មើលឃើញការស្តុកភាគច្រើនរបស់លោក ត្រូវបានបំផ្លាញគ្មានសេសសល់ ។
លោកនិយាយថា ទឹកបានហូរចូលឃ្លាំងមានជម្រៅរហូតដល់ ២ម៉ែត្រ ធ្វើឲ្យស្រូវសើមមិនអាចប្រើប្រាស់បាន មិនថាសម្រាប់ធ្វើជាចំណីសត្វ ឬអ្វីផ្សេងនោះទេ ។
ឧទ្យានធម្មជាតិ Albufera ត្រូវបានបំពុលផងដែរដោយទឹកស្អុយមិនរលាយហូរចេញពីលូខូច ។ លោក Carles Sanchis គឺជាអ្នកស្រាវជ្រាវដែលដឹកនាំក្រុមប្រឹក្សាអភិបាលកិច្ចឧទ្យាន និងជួយសម្របសម្រួលក្រុមស្ម័គ្រចិត្តរើសសម្រាម និងកាកសំណល់ កត់សំគាល់ឃើញថា មាននូវកំហាប់ខ្ពស់នៃកាកសំណល់ឱសថសាស្ត្រផងដែរ ។
លោកនិយាយថា រឿងដែលព្រួយបារម្ភខ្លាំងជាងគេ គឺកាកសំណល់ទាំងនោះ មានទំហំតូចៗពេកពិបាកសម្អាត ហើយនិងរើសយក ដូច្នេះហើយពួកយើត្រូវការប្រើកម្លាំងច្រើន ដើម្បីសម្អាតវា ៕