អង្គភាពឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនរិះគន់សមភាគីហ្វីលីពីនជាថ្មីទៀត ដោយចោទប្រកាន់ពីបទបំភាន់សហគមន៍អន្តរជាតិជុំវិញការប្រឈមដាក់គ្នានៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធសប្ដាហ៍នេះ។

អ្នកនាំពាក្យអង្គភាពឆ្នាំល្បាតឆ្នេរចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយប្រើពាក្យជាភាសាចិន សម្រាប់ដែនទឹកមានជម្លោះ Scarborough Shoal, Sabina Shoal និងប្រជុំកោះស្ព្រាតលី (Spratly) ថា ទោះបីជាមានការរំខាន និងការព្រមានម្តងហើយម្តងទៀតពីប្រទេសចិនក៏ដោយ ក៏ហ្វីលីពីននៅតែបន្តបញ្ជូននាវាឆ្មាំល្បាតឆ្នេរចំនួនបួនគ្រឿង នាវាផ្លូវការចំនួនប្រាំមួយគ្រឿង និងនាវាមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រឿងចូលទៅក្នុងដែនទឹកនៃកោះហួអាងយ៉ាន(Huangyan)របស់ចិន និងដែនទឹកក្បែរនោះ ដូចជាថ្មប៉ប្រះទឹក ស៊ីអាន ពីន (Xianbin)ក្នុងប្រជុំកោះណានសា(Nansha។

ក្នុងអំឡុងពេលនេះ នាវាហ្វីលីពីនបានចូលទៅជិត ហើយបានបុកដោយចេតនាជាមួយនាវាឆ្មាំល្បាតឆ្នេររបស់ចិនក្នុងដែនទឹកនៃកោះហួអាងយ៉ាន និងតំបន់ថ្មប៉ះប្រះទឹកស៊ីអាន ពីន (Xianbin Reef) ជាច្រើនដង បណ្តាលឱ្យមានការប៉ះទង្គិច ហើយការទទួលខុសត្រូវគឺស្ថិតនៅលើហ្វីលីពីនទាំងស្រុង។
ក្រសួងការបរទេសហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ទី៥ធ្នូបានឲ្យដឹងថា ខ្លួនបានដាក់ពាក្យតវ៉ាការទូតប្រឆាំងចិន ជុំវិញឧបទ្ទវហេតុដែនសមុទ្រ កាលពីថ្ងៃទី៤ ខែធ្នូ នៅតំបន់ថ្មប៉ប្រះទឹកមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថាចិន និងហ្វីលីពីន ចោទប្រកាន់ដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃទី៤ធ្នូ ជុំវិញការប្រឈមមុខដាក់គ្នានៅដែនសមុទ្រ ជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ជាការប៉ះទង្គិចចុងក្រោយ ក្នុងជម្លោះដ៏រ៉ាំរ៉ៃ និងកាន់តែខ្លាំង។ទិន្នន័យរបស់ក្រសួងការបរទេស បង្ហាញថា នេះគឺជាការតវ៉ាការទូតលើកទី៦០ ធ្វើឡើងដោយទីក្រុងម៉ានីលប្រឆាំងនឹងចិននៅឆ្នាំនេះ និងជាលើកទី១៩៣ គិតចាប់តាំងពីប្រធានាធិបតី លោក Ferdinand Marcos Jr ចូលកាន់តំណែង ក្នុងឆ្នាំ២០២២៕