សហជីពបុគ្គលិកប្រទេសអាហ្សង់ទីន បានចេញតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Javier Milei កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ នៅក្នុងទីក្រុង Buenos Aires។

លោក Claudio Arevalo អគ្គលេខាធិការនៅសាខាសមាគមបុគ្គលិករដ្ឋ (ATE) ក្នុងទីក្រុង Buenos Aires បាននិយាយថា រដ្ឋបាលបច្ចុប្បន្ន បានទុកចោលអ្នកចូលនិវត្តន៍ដោយគ្មានថ្នាំពេទ្យ បណ្តេញបុគ្គលិករដ្ឋជាង៤៥.០០០នាក់ចេញ និងកំពុងធ្វើឲ្យប៉ះពាល់ដល់អ្នកមានវណ្ណៈទាប។

ក្រុមអ្នកតវ៉ា បានដើរតាមបណ្ដោយផ្លូវ ឆ្ពោះទៅកាន់វិមានប្រធានាធិបតី Casa Rosada។
វិធានការរឹតត្បិតថវិកាដ៏តឹងរ៉ឹងរបស់លោកប្រធានាធិបតី Milei ដែលរៀបចំដើម្បីកាត់បន្ថយការចំណាយសាធារណៈ ក្នុងពេលមានវិបត្តិសេដ្ឋកិច្ចកំពុងបន្ត បានបង្កឱ្យមានការតវ៉ា និងកូដកម្មជាច្រើន។
សហជីពផ្សេងៗ រួមមានអ្នកតំណាងផ្នែកដឹកជញ្ជូន ការអប់រំ សុខាភិបាល និងវិស័យសាធារណៈ បានមកចូលរួមក្នុងបាតុកម្មជាសាធារណៈនេះ។