ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃម្សិលមិញ បានអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីណូ អាហ្គ្រីប៉ូតាស (Sino-Agri Potash Co.,Ltd) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគម្រោងវិនិយោគវិស័យកសិកម្មនៅកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៦ ធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់ និងនីតិវិធីការចុះបញ្ជីផលិតផល សម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
ពាក់ព័ន្ធនឹងការងារខាងលើនេះទៀតសោត ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំឱ្យក្រុមហ៊ុនស្វែងយល់ពីតម្រូវការទីផ្សារនៅកម្ពុជា ហើយត្រូវវិនិយោគជីកសិកម្មដែលមានគុណភាពល្អ មានតម្លៃសមរម្យ និងមានស្តង់ដាខ្ពស់។
សូមបញ្ជាក់ថា គិតក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងប្រមាណជាង ៥៧% ហើយបើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣ ក្នុងនោះមុខទំនិញកសិកម្មសំខាន់ៗ ដែលបាននាំចេញនោះ មានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ដំឡូងមី ផ្លែមៀនស្រស់ និងកសិផលជាង ៧៧មុខផ្សេងៗទៀត៕






