អ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់ដែលថាខ្លួនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា ដោយនិយាយថាការអះអាងពីអង្គការលើកលែងទោសអន្តរជាតិនេះគឺ "មិនមែនជារឿងភ្ញាក់ផ្អើលទេ" ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក David Mencer បានហៅការចោទប្រកាន់នោះថា "ព័ត៌មានក្លែងក្លាយ" ហើយបានប្រាប់ថា "ជំហរដែលគ្មានមូលដ្ឋាននេះគឺដើម្បីរិះគន់អ៊ីស្រាអែល និងជាការឆ្លៀតឱកាស ហើយនេះគ្រាន់តែជាឧទាហរណ៍ដ៏គួរឱ្យសោកស្ដាយមួយទៀតប៉ុណ្ណោះ"។

គួរបញ្ជាក់ថា អង្គការលើកលែងទោស បានចោទប្រកាន់អ៊ីស្រាអែលថា បានព្យាយាមបំផ្លាញជនជាតិប៉ាឡេស្ទីនដោយចេតនា ដោយបើកការវាយប្រហារយ៉ាងបង្ហូរឈាម បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទប់ស្កាត់ការផ្តល់ស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយដល់អ្នកស្រុក។
ក្រុមលើកលែងទោសនោះនិយាយថា សកម្មភាពបែបនេះបានឆ្លងផុតកម្រិតច្បាប់នៃអំពើប្រល័យពូជសាសន៍ ហើយមិនសមហេតុផលថាជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មរបស់ពួកហាម៉ាស កាលពីឆ្នាំមុន ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១.២០០នាក់ និងបានឃើញមនុស្សប្រហែល ២៥០នាក់ត្រូវចាប់ធ្វើជាចំណាប់ថ្នូរនោះទេ។

យោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស របស់ហ្កាហ្សា បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ៤៤.៥០០ នាក់ ដែលយ៉ាងហោចណាស់ពាក់កណ្តាលនៃពួកគេជាស្ត្រី និងកុមារ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមរហូតមកដល់ពេលនេះ។ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានោះបានបំផ្លិចបំផ្លាញដែនដីហ្កាហ្សា ហើយបានរុញច្រានមនុស្សរាប់ម៉ឺននាក់ឱ្យធ្លាក់ដល់កម្រិតនៃភាពអត់ឃ្លាន៕