ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអរិភាព នៅក្នុងប្រទេសស៊ីរីភាគពាយព្យ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា អាជ្ញាធរក្នុងតំបន់ បានរាយការណ៍ថា ជនភៀសខ្លួនរាប់ម៉ឺនគ្រួសារ នៅក្នុងទីក្រុង Hama ដែលខ្លះបានភៀសខ្លួន ទៅកាន់ទីក្រុង Homs ។ ទីក្រុងHama គឺជាគោលដៅសម្រាប់ប្រជាជនដែលភៀសខ្លួនចេញពីការប្រយុទ្ធគ្នានៅក្នុង និងជុំវិញទីក្រុង Idlib និង Aleppo។ ឥឡូវនេះ មានសេចក្តីរាយការណ៍អំពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅទីក្រុង។

OCHA បាននិយាយថា ខ្លួនបានធ្វើការនៅទីក្រុង Hama ជាមួយដៃគូមនុស្សធម៌ មុនពេលការប្រយុទ្ធគ្នាផ្ទុះឡើង ក្នុងការផ្តល់ជំនួយ រួមទាំងជំនួយផ្នែកសុខភាព និងរបស់របរសំខាន់ៗ ដល់អ្នកដែលទើបផ្លាស់ទីលំនៅថ្មី។ ប្រជាជនប្រមាណ៣.០០០គ្រួសារ ត្រូវបានផ្លាស់ប្តូរទៅរស់នៅ ក្នុងទីក្រុង Homs។
ការិយាល័យនេះ បានឲ្យដឹងថា សហសេវិក និងដៃគូបន្តផ្តល់ការគាំទ្រដល់ប្រជាជនដែលបានផ្លាស់ទីលំនៅ ដោយសារអរិភាពគ្រប់ទីកន្លែង ដែលអាចធ្វើទៅបាន។
លោក David Carden ដែលជាអ្នកសម្របសម្រួលរងផ្នែកមនុស្សធម៌ប្រចាំតំបន់សម្រាប់វិបត្តិស៊ីរី បានដឹកនាំបេសកកម្មឆ្លងព្រំដែនរបស់UN ទៅកាន់ទីក្រុង Idlib ដើម្បីវាយតម្លៃស្ថានភាព រួមជាមួយនឹងក្រុមមនុស្សធម៌ផ្សេងទៀតមកពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ទីភ្នាក់ងារជនភៀសខ្លួនរបស់UN (UNHCR) អង្គការសុខភាពពិភពលោក (WHO) និងនាយកដ្ឋានសុវត្ថិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ។