ក្រសួងការបរទេសប៉ារ៉ាហ្គាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) បានឲ្យដឹងថា ប្រទេសប៉ារ៉ាហ្គាយបានលុបចោលទិដ្ឋាការអ្នកការទូតចិនកម្រិតទាប ហើយបានបញ្ជាឲ្យលោកចាកចេញពីប្រទេស ដោយការធ្វើបែបនេះ កើតមានឡើងបន្ទាប់ពីបេសកជនរូបនោះ ទំនងជាបានជំរុញឲ្យសមាជិកសភាពិចារណាឡើងវិញអំពីទំនាក់ទំនងមិត្តភាពរបស់ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះជាមួយកោះតៃវ៉ាន់។
ក្រសួងការបរទេសបានចោទប្រកាន់លោក Xu Wei ថា បាន «ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង» ខណៈពេលដែលការិយាល័យកិច្ចការការទូតរបស់កោះតៃវ៉ាន់ នៅក្នុងប្រទេសនេះ បានចោទប្រកាន់លោកថា បាន «ជ្រៀតចូល» ប៉ារ៉ាហ្គាយ ដើម្បីព្យាយាមធ្វើឲ្យខូចដល់ទំនាក់ទំនងរបស់ប្រទេសនេះជាមួយកោះតៃវ៉ាន់ ដែលចិនអះអាងថា ជាដែនដីរបស់ខ្លួន។
យ៉ាងណាក្ដី ក្រសួងការបរទេសប៉ារ៉ាហ្គាយមិនបានបញ្ជាក់ពីអ្វីដែលលោក Xu ជ្រៀតជ្រែកនោះឡើយ ប៉ុន្តែបាននិយាយថា លោកបានបំពានលក្ខខណ្ឌនៃទិដ្ឋាការរបស់លោក បន្ទាប់ពីធ្វើដំណើរទៅប៉ារ៉ាហ្គាយជាផ្នែកនៃក្រុមរបស់ចិន ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការយូណេស្កូ។ លោក Xu ត្រូវបានផ្តល់ពេល ២៤ម៉ោង ដើម្បីចាកចេញពីប្រទេសនេះ។
គួរបញ្ជាក់ថា នៅក្នុងការអត្ថាធិប្បាយដែលត្រូវបានកត់ត្រា នៅសភាប៉ារ៉ាហ្គាយ និងចែករំលែកជាមួយទីភា្នក់ងារសារព័ត៌មាន Reuters លោក Xu បានជំរុញឲ្យប៉ារ៉ាហ្គាយទទួលស្គាល់ប្រទេសចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយនិយាយថា ជម្រើសនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសផលិតសណ្តែកសៀងមួយនេះ។ លោក Xu បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីបានជួបជាមួយតំណាងរាស្រ្តគណបក្សប្រឆាំង ២រូប ដែលចូលរួមទស្សនៈប្រកបដោយសមានចិត្ត ចំពោះប្រទេសចិន៕


