តំបន់ឆ្នេរមហាសមុទ្រនៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក មានសភាពស្ងប់ស្ងាត់ទេ ក្រោយការរញ្ជួយដីកម្រិត ៧រ៉ិចទ័រ វាយប្រហារជិតតំបន់ឆ្នេរភាគខាងជើងរដ្ឋ បង្ខំឲ្យមានការព្រមានពីរលកស៊ូណាមិ ដែលក្រោយមក ត្រូវបានលុបចោលវិញ ។ គ្មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ ឬរងបួសនោះទេ ។

សេវាកម្មឧតុនិយមជាតិ រាយការណ៍ថា ការព្រមានពីរលកស៊ូណាមិដែលលាតសន្ធឹងតំបន់ឆ្នេររដ្ឋ California និងរដ្ឋ Oregon ប្រវែង ៨០០គ.ម ត្រូវបានលុបចោលវិញ នៅរយៈពេលប្រហែល ៩០នាទី ក្រោយការរញ្ជួយដីកើតឡើងកាលពីវេលាម៉ោង ១០ និង ៤៤នាទីព្រឹក ម៉ោងក្នុងស្រុក ។

មន្ទីរស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក បាននិយាយថា ការរញ្ជួយដីដែលបានវាយប្រហារក្នុងជម្រៅដីរាក់ ១០គ.មនេះ ចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយប្រហែល ៦៣គ.មភាគខាងលិចទីក្រុង Ferndale គឺជាទីក្រុងដែលមានមនុស្សរស់នៅច្រើនកុះករនៅតំបន់ឆ្នេរភាគខាងជើងរដ្ឋ California ។
សេវាកម្មឧតុនិយមជាតិ និយាយថា អ្នកស្រុកប្រហែល ៤,៧លាននាក់នៅក្នុងរដ្ឋ California និង រដ្ឋ Oregon បានស្ថិតក្រោមការប្រកាសអាសន្នពីរលកស៊ូណាមិ មុនពេលវាត្រូវបានលុបចោលវិញ ៕
