នៅថ្ងៃសុក្រនេះ គណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Yoon Suk Yeol បានអំពាវនាវឲ្យដកតំណែងរបស់លោកចេញ ។
នៅក្នុងសន្និសីទសារព័ត៌មាន មេដឹកនាំគណបក្សអំណាចប្រជាជនលោក Han Dong-hoon និយាយថា លោក Yoon ដែលបានធ្វើឲ្យប្រទេសកូរ៉េខាងត្បូងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការអនុម័តច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារនោះ ត្រូវតែដកតំណែងចេញ ដើម្បីផលប្រយោជន៍ល្អបំផុតរបស់ប្រទេស ប៉ុន្តែលោកមិននិយាយពីការអំពាវនាវឲ្យមានការចោទប្រកាន់នោះទេ ។
លោក Han និយាយថា លោកបាននិយាយកាលពីថ្ងៃម្សិលមិញថា លោកមិនព្យាយាមអនុម័តការចោទប្រកាន់នោះទេ ដើម្បីការពារការខូចខាតដល់មនុស្ស និងក្រុមអ្នកគាំទ្រ បណ្តាលមកពីភាពវឹកវរពុំបានព្រៀងទុកមួយនេះ ប៉ុន្តែលោកមានជំនឿថា ការព្យួរតំណែងបន្ទាន់របស់លោកប្រធានាធិបតី Yoon Suk Yeol គឺវាចាំបាច់ខ្លាំង ដើម្បីការពារសាធារណរដ្ឋកូរ៉េ និងពលរដ្ឋរបស់ខ្លួន ស្របពេលមានការលាតត្រដាងការពិតថ្មីៗ ។
លោក Han បាននិយាយផងដែរថា លោក Yoonបានបញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយលេចធ្លោ ក្នុងអំណះអំណាងដែលថាពួកគេស្ថិតនៅក្នុងចំណោមកម្លាំងប្រឆាំងរដ្ឋ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ការិយាល័យប្រធានាធិបតីបានច្រានចោលថា ពួកគេពុំបានចេញបញ្ជាបែបហ្នឹងនោះទេ ។
ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon បានធ្វើឲ្យកូរ៉េខាងត្បូងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រួមទាំងសភា និងគណបក្សផ្ទាល់ខ្លួនរបស់លោក ដែលបានបោះឆ្នោតជំទាស់ ។
វាគឺជាការអនុម័តច្បាប់អាជ្ញាសឹកលើកដំបូងរបស់ប្រទេសមួយនេះ ចាប់តំាងពីឆ្នាំ ១៩៨០ និងបានធ្វើឲ្យពួកគេនឹងឃើញឡើងវិញដល់អនុស្សាវរីយ៍ដ៏ឈឺជាប់នៃការគ្រប់គ្រងរបស់យោធានៅក្នុងអំឡុងសង្រ្គាមត្រជាក់ ៕