ភ្នំពេញ៖ រដ្ឋបាលសង្កាត់អូរឬស្សីទី២ នៃរដ្ឋបាលខណ្ឌ៧មករា បានរៀបចំវេទិកាសាធារណៈ ផ្សព្វផ្សាយពិគ្រោះយោគបល់ និងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រួមទាំងដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋ ដែលធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាបាក់ទូក។
វេទិកាសាធារណៈ បានធ្វើឡើងនារសៀលថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពី លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី២ រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធនៃសង្កាត់អូរឬស្សីទី២ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៣៦ នាក់។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចូលរួមក្នុងវេទិកាបានសំណូមពរដល់ អាជ្ញាធរគួរមានវិធានការនិងដំណោះស្រាយ នូវបញ្ហាមួយចំនួន បញ្ហាបរិស្ថានអនាម័យ ការទុកដាក់ និងប្រមូលសម្រាមយឺត ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ ភ្លើងបំភ្លឺទីសាធារណៈ ដែលពាក់ព័ន្ធ ជាមួយនឹងជីវភាពរស់នៅ ជាប្រចាំថ្ងៃរបស់ពួកគាត់។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានទទួលយកសំណួរ សំណើរ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកានេះ ហើយបានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅរដ្ឋបាលសង្កាត់អូរឫស្សីទី២ កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬតាមនីតិវិធីជាក់ស្តែង៕
អត្ថបទ៖ កុម្ភះ








