រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ដែលចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលជលផល បានជំរាបជូនបន្តថា ដោយសារតែនៅក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។ ជាពិសេសគឺគន្លងដាយត្រីដងទន្លេសាបនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល និងរាជធានីភ្នំពេញ។
រដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅទិញត្រីតាមពេលវេលា និងទីកន្លែងដូចជម្រាបជូន ហើយសូមអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្ដាជួយសម្របសម្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនតាមការគួរ៕





