បាល់ទាត់៖ ខ្សែការពារ Aston Villa, Matty Cash អាចនឹងបង្ហាញខ្លួនលើកដំបូងឱ្យក្រុមជំរើសជាតិប៉ូឡូញនៅខែក្រោយនេះ បន្ទាប់ពីទទួលបានសញ្ជាតិប៉ូឡូញ។ កីឡាករវ័យ ២៤ឆ្នាំរូបនេះមានដើមកំណើតនៅ Berkshire អង់គ្លេសតែម្តាយរបស់គេជាជនជាតិប៉ូឡូញ។ Matty Cash បានសរសេរលើបណ្តាញសង្គម Instagram របស់ខ្លួនថា នេះជាថ្ងៃដ៏សំខាន់ និងមានមោទនភាពមួយសំរាប់រូបគេ និងក្រុមគ្រួសារ ហើយនេះគឺជាការប្រកួតប្រជែងមួយទៀតសំរាប់គេ។

Matty Cash កាលពីខែកញ្ញា ឆ្នាំ២០២០ បានផ្ទេរពី Nottingham Forest ក្នុងតម្លៃ ១៦លានផោនជាមួយនឹងកិច្ចសន្យា ៥ឆ្នាំ។ Cash បានបង្ហាញខ្លួន ១០ប្រកួតឱ្យ Aston Villa រដូវកាលនេះ និងស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនកាលពីខែកញ្ញាកន្លងទៅក្នុងជ័យជំនះ ៣-០ លើ Everton នៅ English Premier League។ ដោយឡែកសំរាប់ក្រុមជំរើសជាតិប៉ូឡូញកំពុងឈរលេខ២ ក្នុងពូលនៃវគ្គជំរុះ World Cup តំបន់អឺរ៉ុបតាមពីក្រោយអង់គ្លេស។ ខែក្រោយនេះប៉ូឡូញនឹងត្រូវជួបជាមួយអង់ដូរ៉ានៅថ្ងៃទី១២ ខែវិច្ឆិកា មុនទទួលហុងគ្រីថ្ងៃទី១៥៕
អត្ថបទ៖នាង សុភាវុធ