ការបោះឆ្នោតប្រធានាធិបតីជុំទី២ របស់ប្រទេសរ៉ូម៉ានី រវាងបេក្ខជនស្តាំនិយមជ្រុល លោក Calin Georgescu និងអ្នកគាំទ្រសហភាពអឺរ៉ុប (EU) លោកស្រី Elena Lasconi ឥឡូវនេះ ត្រូវបានលុបចោល បន្ទាប់ពីតុលាការធម្មនុញ្ញ (CCR) បានចាត់ទុកជាមោឃភាពនូវលទ្ធផលនៃការបោះឆ្នោតជុំទី១ ហើយបានប្រកាសថា ការបោះឆ្នោតថ្មីទាំងស្រុង នឹងត្រូវធ្វើឡើងជំនួសវិញ។
ការសម្រេចជាប្រវត្តិសាស្ត្រ និងមិនធ្លាប់មានពីមុនមកនេះ កើតមានឡើងស្របពេលដែលការបោះឆ្នោតបានចាប់ផ្តើមនៅក្នុងចំណោមជនអន្តោប្រវេសន៍។ កាលពីថ្ងៃសុក្រ (ទី៦ ខែធ្នូ) តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដំណើរការបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីរ៉ូម៉ានី នឹងត្រូវបានចាប់ផ្ដើមឡើងវិញទាំងស្រុង ដោយតម្រូវឲ្យរដ្ឋាភិបាលកំណត់កាលបរិច្ឆេទថ្មី សម្រាប់ការបោះឆ្នោតប្រធានាធិបតីរូម៉ានីនេះ ក៏ដូចជាកម្មវិធីប្រតិទិនថ្មី ដើម្បីអនុវត្តវិធានការចាំបាច់នានា»។
ជាមួយគ្នានេះ តុលាការបានបញ្ជាក់ថា ការសម្រេចលុបចោលលទ្ធផលជុំទី១ គឺដោយសារតែបញ្ហានីតិវិធី និងការបង្ហាញនូវរបាយការណ៍សម្ងាត់ពីសេវាចារកម្មរ៉ូម៉ានី ដែលបង្ហាញពីការចូលរួមរបស់រុស្ស៊ី ដើម្បីមានឥទ្ធិពលលើអ្នកបោះឆ្នោត តាមរយៈយុទ្ធនាការឃោសនាប្រឆាំងនឹងលោកខាងលិច ដែលគាំទ្រលោក Georgescu។
គួរបញ្ជាក់ថា របាយការណ៍ស៊ើបការណ៍សម្ងាត់ បានបង្ហាញពីដំណើរការខុសច្បាប់ជាច្រើន នៅក្នុងការផ្តល់ហិរញ្ញប្បទានដល់យុទ្ធនាការរបស់លោក Georgescu។ នៅមុននេះ បន្ទាប់ពីលោក Georgescu បានផ្ដល់ភាពភ្ញាក់ផ្អើលដល់មជ្ឈដ្ឋាននយោបាយ ដោយការឈរនៅលំដាប់ទី១ តុលាការបានវាយតម្លៃលើសំណើសុំឲ្យចាត់ទុកជាមោឃភាព ចំពោះលទ្ធផលនៃការបោះឆ្នោតនេះ ប៉ុន្តែបានសម្រេចឲ្យបន្តដំណើរការទៅមុខ។
ការសម្រេចកាលពីថ្ងៃសុក្រ បានធ្វើឲ្យប្រទេសនេះស្ថិតក្នុងស្ថានភាពនយោបាយមិនធ្លាប់មានពីមុន ដោយផលវិបាកមិនអាចទាយទុកមុនបានឡើយ៕


