ប្រទេសអ៊ីរ៉ង់បានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ុយក្រែន ចំពោះការវាយរុលទៅមុខថ្មីៗដែលធ្វើឡើងដោយពួកឧទ្ទាមស៊ីរី ជាការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។
កាលពីថ្ងៃសុក្រ (ទី៦ ខែធ្នូ) ទីភ្នាក់ងារសារព័ត៌មាន Mehr ដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា លោក Mojtaba Damirchiloo ជំនួយការរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានរិះគន់អ៊ុយក្រែន និងសហរដ្ឋអាមេរិក ចំពោះការគាំទ្រ «អំពើភេរវកម្ម» នៅក្នុងប្រទេសស៊ីរី។
ជាពិសេស សេចក្ដីរាយការណ៍នេះបានគូសបញ្ជាក់ពីរបៀប ដែលមន្ត្រីអ៊ីរ៉ង់ បានថ្កោលទោស «ការជួញដូរខុសច្បាប់នូវអាវុធដែលបានទទួលពីសហរដ្ឋអាមេរិក ដោយមន្ត្រីអ៊ុយក្រែនមួយចំនួន និងការគាំទ្ររបស់អ៊ុយក្រែន ចំពោះក្រុមដែលត្រូវបានចុះបញ្ជីជាភេរវករ នៅប្រទេសស៊ីរី»។
ដោយនិយាយយោងដល់ការប្រើប្រាស់ក្រុម Takfiri ឬក្រុមសកម្មប្រយុទ្ធបរទេស ដើម្បីប្រតិបត្តិការ នៅស៊ីរីប្រឆាំងនឹងរបបលោក Bashar al-Assad លោក Damirchiloo បានថ្កោលទោសការដាក់ពង្រាយក្រុមអ្នកប្រយុទ្ធទាំងនេះ ដែលលោកបាននិយាយថា កំពុងនាំទៅរកអស្ថិរភាព នៅតំបន់អាស៊ីខាងលិច។ លោកបានពណ៌នាអំពីវិធីសាស្ត្រនេះថា ជាគោលនយោបាយគ្មានសីលធម៌ដែលបំពានលើគោលការណ៍ និងបទដ្ឋានច្បាប់អន្តរជាតិដែលត្រូវបានបង្កើតឡើង។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែធ្នូ) ក្រុមបះបោរស៊ីរីបានដណ្តើមកាន់កាប់ទីក្រុងភាគកណ្ដាល Hama បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលបានដកថយ ដែលជាការបង្ហាញពីការបរាជ័យដ៏ធំមួយទៀត សម្រាប់លោកប្រធានាធិបតី Assad។ ការរុលទៅមុខនេះកើតមានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមយុទ្ធជនប្រឆាំង បានដណ្តើមយកភាគច្រើននៃតំបន់ទីក្រុង Aleppo ជាទីក្រុងធំទី២ របស់ស៊ីរី។ យោធាស៊ីរីបានដាក់ពង្រាយទាហានបន្ថែម និងបានធ្វើការវាយប្រហារតាមអាកាស ដើម្បីដណ្តើមគ្រប់គ្រងឡើងវិញ៕


