ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើកទៅលើគោលដៅរបស់ក្រុមរដ្ឋអ៊ីស្លាមនៅភាគកណ្តាលប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ។

នៅក្នុងសេចក្តីថ្លែងការណ៍ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហាររបស់ខ្លួន មានគោលបំណងធានាបានថា ក្រុមរដ្ឋអ៊ីស្លាមមិនទាញយកប្រយោជន៍ពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសស៊ីរី។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយបន្ទាប់ពីក្រុមឧទ្ទាមបានផ្តួលរំលំប្រធានាធិបតីស៊ីរី លោក Bashar al-Assad កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធក្នុងប្រទេសស៊ីរី ដើម្បីជួយចាប់យកឱកាស និងគ្រប់គ្រងហានិភ័យនេះ ។
នៅក្នុងសុន្ទរកថានៅសេតវិមាន លោក Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងគាំទ្រប្រទេសជិតខាងរបស់ស៊ីរី តាមរយៈអំឡុងពេលនៃការប្រែប្រួល ហើយនឹងវាយតម្លៃពីពាក្យសម្តី និងសកម្មភាពរបស់ក្រុមឧទ្ទាម។
លោក Biden និយាយថា កងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យបានវាយប្រហារលើគោលដៅជាច្រើនកន្លែងនៅក្នុងប្រទេសស៊ីរី ដែលដាក់គោលដៅលើជំរំ និងប្រតិបត្តិការនានារបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
លោក Biden និយាយថា «វាជាឱកាសប្រវត្តិសាស្ត្រសម្រាប់ប្រជាជនស៊ីរី ដែលបានរងទុក្ខលំបាកជាយូរមក ក្នុងការកសាងអនាគតកាន់តែប្រសើរសម្រាប់ប្រទេសរបស់ពួកគេ។