មនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ នៅច្រកឆ្លងកាត់ព្រំដែនលីបង់-ស៊ីរី ក្នុងទីក្រុង Masnaa ដើម្បីអបអរការដួលរលំនៃរបប លោក Al-Assad ។ ពួកគេភាគច្រើនជាពលរដ្ឋស៊ីរីភៀសខ្លួន ដែលគ្រោងនឹងត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។

លោក Wissam Ahmed ជនជាតិស៊ីរីដែលបានភៀសខ្លួនបាននិយាយថា «យើងនឹងទៅប្រទេសស៊ីរីវិញ ដើម្បីកសាងអនាគត និងលំនៅឋានរបស់យើងឡើងវិញ ដោយពិតជាមានអារម្មណ៍ត្រេកអរខ្លាំង»។
ក្រុមឧទ្ទាមស៊ីរី បានប្រកាសបណ្តេញលោកប្រធានាធិបតី Bashar al-Assad ចេញពីតំណែង បន្ទាប់ពីដណ្តើមបានការគ្រប់គ្រងទីក្រុងដាម៉ាស កាលពីថ្ងៃអាទិត្យ ដោយបង្ខំឱ្យលោកភៀសខ្លួនចេញ និងបញ្ចប់ការគ្រប់គ្រងជាច្រើនទសវត្សរ៍របស់លោក បន្ទាប់ពីសង្គ្រាមស៊ីវិលជាង១៣ឆ្នាំ។

ក្រុមឧទ្ទាមអ៊ីស្លាមនិយម ក៏បានវាយប្រហារយ៉ាងធ្ងន់ធ្ងរចំពោះឥទ្ធិពលរបស់រុស្ស៊ី និងអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី នៅចំកណ្តាលនៃតំបន់ជាសម្ព័ន្ធមិត្តដែលបានគាំទ្រលោក អាសាដ ក្នុងអំឡុងពេលដ៏សំខាន់នៅក្នុងជម្លោះ។
ក្រុមឧទ្ទាមនិយាយថា ពួកគេបានចូលទៅក្នុងរដ្ឋធានីដោយគ្មានសញ្ញានៃការដាក់ពង្រាយកងទ័ព។
សាក្សីបាននិយាយថា មនុស្សរាប់ពាន់នាក់នៅក្នុងរថយន្ត និងដោយថ្មើរជើង បានប្រមូលផ្តុំគ្នានៅទីលានធំមួយ ដោយមានគ្រវីស្លាក និងទង់ជាតិ និងស្រែកថា «សេរីភាព» ។
វាជាចំណុចរបត់មួយសម្រាប់ប្រទេសស៊ីរី ត្រូវបានបំផ្លាញដោយសង្រ្គាមជាច្រើនឆ្នាំ ដែលបានប្រែក្លាយទីក្រុងទៅជាគំនរបាក់បែក សម្លាប់មនុស្សរាប់សែននាក់ និងបង្ខំឲ្យមនុស្សរាប់លាននាក់រត់ចេញពីប្រទេស ក្លាយជាជនភៀសខ្លួន។
ជាមួយគ្នានេះ ពលរដ្ឋស៊ីរីមួយក្រុម ត្រូវបានគេមើលឃើញថាបានចាកចេញពីទីក្រុង Jaber របស់ប្រទេសហ្ស៊កដានី ឆ្លងចូលក្នុងប្រទេសរបស់ពួកគេវិញ បន្ទាប់ពីទទួលដំណឹងថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ត្រូវបានបណ្តេញចេញ។