យោធារបស់កោះតៃវ៉ាន់ បានបង្កើតមជ្ឈមណ្ឌលឆ្លើយតបគ្រាអាសន្ន និងបានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួននៅថ្ងៃចន្ទ (០៩ ធ្នូ) នេះ ដោយនិយាយថា ប្រទេសចិនបានបង្កើតតំបន់ចំនួនប្រាំពីរនៃដែនអាកាសបម្រុង និងបានបញ្ជូនកងនាវាជើងទឹក និងទូកឆ្មាំល្បាតឆ្នេរទៅកាន់ដែនទឹកជុំវិញកោះនេះ។

ប្រភពសន្តិសុខនិយាយថា ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ត្រូវបានគេរំពឹងថានឹងធ្វើសមយុទ្ធមួយជុំទៀត ជាការឆ្លើយតបទៅនឹងដំណើររបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ទៅកាន់តំបន់ប៉ាស៊ីហ្វិក ដែលរួមមានការឈប់សំចតនៅកោះហាវ៉ៃ និងទឹកដីហ្គាំ របស់អាមេរិក។

អាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិន បានបង្កើត "តំបន់បម្រុងបណ្តោះអាសន្ន" ចំនួន៧ លើដែនអាកាសនៅភាគខាងកើតខេត្ត ហ្វ៊ូជាន (Fujian) និង ជើជាំង (Zhejiang) នៃតំបន់ភាគខាងកើតរបស់ខ្លួន ដោយបន្ថែមថាតំបន់ទាំងនោះមានសុពលភាពចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ។

ក្រសួងការពារជាតិចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ យោធាតៃវ៉ាន់ និយាយថា ខ្លួនបានបើកដំណើរការ "ការហ្វឹកហ្វឺនត្រៀមប្រយុទ្ធ" នៅទីតាំងយុទ្ធសាស្ត្រ ហើយកងនាវាចរ និងឆ្មាំល្បាតឆ្នេររបស់ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពយោធារបស់ចិន៕