រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan កាលពីថ្ងៃអាទិត្យ បានសង្កត់ធ្ងន់ពីតម្រូវការ ក្នុងការទប់ស្កាត់អង្គការភេរវករពីការកេងផលចំណេញពីស្ថានភាពនៅក្នុងប្រទេសស៊ីរីសម្រាប់របៀបវារៈផ្ទាល់ខ្លួនរបស់ពួកគេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងវេទិកា Doha Forum ២០២៤ នៅប្រទេសកាតា លោក Fidan បានសម្តែងការប្តេជ្ញាចិត្តរបស់ប្រទេសទួរគី ក្នុងការគាំទ្រប្រជាជនស៊ីរី ដោយសន្យាថា នឹងជួយដោះស្រាយបញ្ហាប្រឈមចំពោះមុខ។
នៅពេលសួរអំពីកន្លែងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) លោកបានឆ្លើយតបថា៖«ប្រហែលជាចាកចេញពីប្រទេសស៊ីរី»។
លោក Fidan បានកត់សម្គាល់ថា ការវិវឌ្ឍថ្មីៗនៅក្នុងប្រទេសស៊ីរី ត្រូវបានពិនិត្យ និងតាមដានយ៉ាងដិតដល់ ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអារ៉ាប់សំខាន់ៗ រួមមានកាតា អេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជាសហរដ្ឋអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនស្ថិរភាព ក្នុងតំបន់។
លោក Fidan បានសង្កត់ធ្ងន់ថា៖«រដ្ឋបាលថ្មីមួយ ត្រូវតែត្រូវបានបង្កើតឡើង ក្នុងលក្ខណៈសណ្តាប់ធ្នាប់ ដោយជំរុញឲ្យតួអង្គអន្តរជាតិ និងតំបន់ ដើម្បីជួយធានាឲ្យមានការផ្លាស់ប្តូរដោយរលូន នៅក្នុងប្រទេសស៊ីរី។