រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាជី (Abbas Arghchi) បានព្រមានថា ប្រទេសស៊ីរីអាច ប្រឈមមុខនឹងសង្គ្រាមស៊ីវិល និងការបែកបាក់នៅពេលនេះ ខណៈដែលកងកម្លាំងប្រឆាំងប្រដាប់អាវុធបានកាន់កាប់ទីក្រុងដាម៉ាស(Damascus)។
លោកប្រមុខការទូត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋអ៊ី រ៉ង់ថា៖«យើងកំពុងតាមដានការវិវឌ្ឈ នៅក្នុងប្រទេសស៊ីរី ហើយយើងចង់ទប់ស្កាត់ការកើនឡើងនៃការព្រួយបារម្ភអំពីលទ្ធភាពនៃសង្គ្រាមស៊ីវិល ឬការពាក់ព័ន្ធដែលកំពុងកើតឡើង ដោយប្រទេសស៊ីរីប្រឈមមុខនឹងហានិភ័យនៃការដួលរលំមួយផ្នែក ឬពេញលេញ ឬក្លាយជាជម្រកសម្រាប់ក្រុមភេរវករ»។
លោក អារ៉ាជី បានបន្ថែមថា៖«សាធារណរដ្ឋឥស្លាមនេះ ក៏មានការព្រួយបារម្ភជាពិសេសអំពីការរំលោភបំពានដោយរបបជ្វីហ្វ ដែលបានចាត់វិធានការជាបន្តបន្ទាប់ ចាប់តាំងពីល្ងាចអាទិត្យ។
ការព្រមាននេះ បានធ្វើឡើង បន្ទាប់ពីមានការប្រកាសដោយយោធាអ៊ីស្រាអែលថា ពួកគេបានដណ្តើមយកតំបន់ការពារនៅព្រំដែនជាមួយប្រទេសស៊ីរី កាលពីថ្ងៃទី ០៨ ខែធ្នូ។ អ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រា អែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានពិពណ៌នាថា ជាវិធានការការពារបានកើតឡើង ចំពេលមានការវិវឌ្ឍចុងក្រោយបង្អស់ នៅក្នុងសាធារណរដ្ឋអារ៉ាប់។