អ្នកជំនាញមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យថា ដំណើរវិវត្តចុងក្រោយនៅប្រទេសស៊ីរី មានថាមវន្តខ្លាំងណាស់ ហើយវាសំខាន់ចាំបាច់សម្រាប់កងកម្លាំងសេសសល់របស់របបលោក Bashar al-Assad និងក្រុមឧទ្ទាម កំណត់ទិសដៅឆ្ពោះទៅរកការផ្ទេរអំណាចដោយសន្តិវិធី ។

នៅមុននេះ ក្រុមឧទ្ទាមស៊ីរី បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា ពួកគេបានផ្តួលរំលំលោក Assad លុបបំបាត់ចោលត្រកូលគ្រួសារផ្តាច់ការរយៈពេល ៥០ឆ្នាំមួយនេះ នៅក្នុងការវាយប្រហារដូចផ្លេកបន្ទោរ ធ្វើឲ្យមានទស្សនីយភាពរលកថ្មីនៃអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលញាំញីដោយសារសង្រ្គាមរួចទៅហើយ ។
លោក Bank ដែលធ្វើការជាអ្នកជំនាញស៊ីរីនៅវិទ្យាស្ថានសិក្សាតំបន់មជ្ឈិបូព៌ា Giga ស្ថិតក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ និយាយថា វាមានការភ្ញាក់ផ្អើលបន្តិចដែរ ពេលដែលហេតុការណ៍នេះ កើតឡើងឆាប់រហ័សខ្លាំងពេក ។

លោកបន្តថា លោកពុំបានរំពឹងទុកទាល់តែសោះថា វាចំណាយពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ដូចអ្នកដឹងហើយថាពួកគេចាកចេញពីខេត្ត Idlib ហើយបន្ទាប់មកទៅដល់ទីក្រុងដាម៉ាស់ ។ មាននូវភាពទន់ខ្សោយរបស់របបខ្លាំង និងមាននូវភាពទន់ខ្សោយរបស់ក្រុមអ្នកគាំទ្រលោក Assad ពួកយើងអាចមើលឃើញច្បាស់ហើយ ។
ការដួលរលំដ៏គួរភ្ញាក់ផ្អើលនេះ ជាការចាប់ផ្តើមពេលវេលាដ៏រំជើបរំជួលមួយផងដែរសម្រាប់តំបន់មជ្ឈិមបូព៌ា និងក្លាយជាដំណើរប៉ះទង្គិចដ៏ធ្ងន់ធ្ងរមួយដល់រុស្ស៊ី និងអ៊ីរ៉ង់ ដែលបាត់បង់សម្ព័ន្ធមិត្តសំខាន់នៅកណ្តាលតំបន់ បង្កឲ្យមានភាពពុំច្បាស់លាស់កាន់តែខ្លាំង ស្របពេលដែលសង្រ្គាមហ្កាហ្សា ចេះតែអូសបន្លាយពេល ។
ហេតុការណ៍ដែលបានកើតឡើងនេះដែរ បានធ្វើរដ្ឋធានីអារ៉ាប់ជាច្រើន មានការភ្ញាក់ផ្អើល និងធ្វើឲ្យមានក្តីបារម្ភពីរលកថ្មីនៃអស្ថិរភាពក្នុងតំបន់ ៕
