រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានព្រមានពីគោលបំណងរបស់ចិន និងសមត្ថភាពកើនឡើងរបស់ពួកគេ ក្នុងការផ្លាស់ប្តូរសណ្តាប់ធ្លាប់អន្តរជាតិដែលផ្អែកលើច្បាប់ ពេលដែលរូបលោកនិយាយទៅកាន់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងទឹក Yokosuka ស្ថិតក្នុងប្រទេសជប៉ុននាថ្ងៃចន្ទនេះ ។
លោកបន្តថា ពួកយើងចង់មើលឃើញតំបន់មួយចំនួននៅបើកទូលាយចំពោះសេរីភាពនាវាចរណ៍ និងសមត្ថភាពហោះហើរលើដែនអាកាស និងផ្លូវអាកាសអន្តរជាតិ នៅពេលណាក៏ដោយឲ្យតែពួកយើងចង់ធ្វើ ។
ពេលថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Austin បានប្តេជ្ញាចិត្តផងដែរក្នុងការជួយកោះតៃវ៉ាន់ទទួលបានលទ្ធភាព ឬសមត្ថភាពដែលត្រូវការ ដើម្បីអាចការពារខ្លួនឯងបាន ។
គួរឲ្យដឹងថា លោក Austin បានចុះចតនៅប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ក្រោយលុបចោលដំណើរទស្សនកិច្ចរបស់លោកទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីការប៉ុនប៉ងពុំបានសម្រេចរបស់លោកប្រធានាធិបតី Yoon Suk Yeol ក្នុងការដាក់ច្បាប់អាជ្ញាសឹក ៕


