នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋស៊ីរី បានជួបជុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងដាម៉ាស់ រយៈពេល ១ថ្ងៃក្រោយក្រុមឧទ្ទាមរឹបអូសបានរដ្ឋធានីមួយនេះ ហើយលោកប្រធានាធិបតី Bashar al-Assad បានរត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីសង្រ្គាមស៊ីវិលអស់រយៈពេល ១៣ឆ្នាំ និងរយៈពេលជាង ៥០ឆ្នាំនៃការគ្រប់គ្រងដ៏ឃោឃៅរបស់គ្រួសារលោក ។
ប្រជាពលរដ្ឋត្រូវបានមើលឃើញឈរនៅពីលើរថក្រោះដែលបោះបង់ចោល ថតរូបនូវអ្វីដែលពួកគេគិតថាជាក្តីស្រមៃរបស់ពួកគេ ។

លោក Mohammed Zaher គឺជាពលរដ្ឋស៊ីរីមួយរូបមកពីខេត្ត Idlib ដែលបានធ្វើដំណើរមកកាន់ទីក្រុងដាម៉ាស់ ដើម្បីអបអរសាទររបស់ជ័យជំនះក្រុមឧទ្ទាមនោះ និយាយថា ពួកយើងមានអារម្មណ៍ធូរស្រាលច្រើន ។ ពួកយើងធ្លាប់ភ័យខ្លាច រស់នៅជាមួយសុបិន្តអាក្រក់ក្នុងគុកឥតជញ្ជាំង ។

ការរុលចូលដូចផ្លេកបន្ទោររបស់ក្រុមសម្ព័ន្ធជីវពលដឹកនាំដោយក្រុមឧទ្ទាម Hayat al-Tahrir al-Sham គឺជាអតីតសម្ព័ន្ធអាល់កៃដា បានក្លាយជាចំណុចមួយក្នុងចំណោមចំណុចផ្លាស់ប្តូរធំបំផុតសម្រាប់តំបន់មជ្ឈិមបូព៌ា ក្នុងជំនាន់ជាច្រើនកន្លងមកនេះ ។

ការដួលរលំដ៏គួរភ្ញាក់ផ្អើលនេះ ជាការចាប់ផ្តើមពេលវេលាដ៏រំជើបរំជួលមួយផងដែរសម្រាប់តំបន់មជ្ឈិមបូព៌ា និងក្លាយជាដំណើរប៉ះទង្គិចដ៏ធ្ងន់ធ្ងរមួយដល់រុស្ស៊ី និងអ៊ីរ៉ង់ ដែលបាត់បង់សម្ព័ន្ធមិត្តសំខាន់នៅកណ្តាលតំបន់ បង្កឲ្យមានភាពពុំច្បាស់លាស់កាន់តែខ្លាំង ស្របពេលដែលសង្រ្គាមហ្កាហ្សា ចេះតែអូសបន្លាយពេល ។
ខណៈពេលនោះដែរ រដ្ឋាភិបាលអន្តរជាតិ បានស្វាគមន៍ការបញ្ចប់រដ្ឋាភិបាលផ្តាច់ការរបស់លោក Assad ពេលដែលពួកគេសង្ឃឹមថា តំបន់មជ្ឈិមបូព៌ា នឹងមានរូបរាងថ្មី ៕