អាជ្ញាធរក្នុងតំបន់ បានប្រាប់ឲ្យដឹងថា មានអ្នកស្លាប់យ៉ាងហោច ២នាក់ ៩នាក់រងរបួស ហើយ ៤នាក់បាត់ខ្លួន បន្ទាប់ពីមានការផ្ទុះមួយ នាថ្ងៃចន្ទនេះ នៅឯកន្លែងស្តុកប្រេងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថាមពលអ៊ីតាលី Eni នៅជិតទីក្រុង Florence របស់ប្រទេសអ៊ីតាលី។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Eni បាននិយាយថា អគ្គិភ័យបានឆាបឆេះឡើងនៅកន្លែងស្តុកប្រេងរបស់ក្រុមហ៊ុន ហើយអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការ ដើម្បីពន្លត់អណ្តាតភ្លើងនោះ។
ប្រមុខតំបន់ Tuscan លោក Eugenio Giani បានឲ្យដឹងតាមរយៈកម្មវិធីផ្ញើសារ Telegram ថា ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងភូមិ Calenzano នៅភាគខាងជើងនៃទីក្រុង Florence ហើយភូមិនៅក្បែរនោះបានមើលឃើញសំណុំផ្សែងហុយឡើងទៅលើមេឃយ៉ាងខ្មួលខ្មាញ់។ លោកបានបន្ថែមថា «សេវាមន្ទីរពេទ្យ និងសង្គ្រោះបន្ទាន់ទាំងអស់ នៅក្នុងតំបន់ ត្រូវបានជូនដំណឹង»។
ក្រុមអ្នកពន្លត់អគ្គិភ័យបាននិយាយថា អណ្ដាតភ្លើងត្រូវបានពន្លត់ហើយ ខណៈដែលទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី បានជំរុញប្រជាជនមូលដ្ឋានកុំទៅក្បែរកន្លែងនោះ ហើយស្នាក់នៅតែក្នុងផ្ទះ៕