សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រសួងសុខាភិបាលបន្តតាមដាន និង ត្រួតពិនិត្យបន្ថែមទៀតចំពោះផលិតផល ដែលលក់នៅតាមបណ្តាញសង្គមហ្វេសបុក ឬហៅថា អនឡាញ ខណៈផលិតផលខ្លះ ហាក់បីដូចជាមិនមានគុណភាព និងអាជ្ញាបណ្ណត្រឹមត្រូវនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋាន សាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមឲ្យមានការចូលរួមពីគ្រប់ភាគីទំាងអស់ មុននឹងយកផលិផលអ្វីមកលក់គប្បីជួយត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ដើម្បីបង្ការសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរថា កាលពីសប្តាហ៍មុនសម្តេច បានសម្រេចឲ្យដក ច្បាប់មួយ (អាជ្ញាបណ្ណ) ដែលបំរុងឲ្យសម្តេចចុះហត្ថលេខាឆ្លង ដោយច្បាប់នោះ គឺការលក់ផលិតផលវិការៈ (ផលិតផលកែសម្ផស្ស)។
សម្តេចបានលើកឡើងទៀតថា ផលិតផលខ្លះយកមកពីស្រុកគេ ក្រោយមកត្រូវបានរកនូវ ភាពមិនប្រក្រតី ដោយអាចធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ដូច្នេះត្រូវតែធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ និងត្រូវចាត់វិធានការជាបន្ទាន់ចំពោះផលិតផលទាំងនោះមិនថា ខាងផ្នែកឱសថ ផលិតផលកែសម្ផស្ស ឬអាហារបំប៉នអ្វីនោះទេ៕អត្ថបទបាន ចក់