ស៊ីហ្គេម៖ យោងតាមការបញ្ជាក់របស់មន្ដ្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ការបិទខ្ទប់ប្រមូលផ្ដុំក្រុមជម្រើសជាតិត្រូវបានបែងចែកជា ២ទម្រង់ ទី១-បិទខ្ទប់ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទី២-ការបិទខ្ទប់ហ្វឹកាត់តាមសហព័ន្ធកីឡាជាតិដែលមានលទ្ធភាព និងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។
លោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលបានបញ្ជាក់ថា ការបិទខ្ទប់ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោគឺមាន ១៨ប្រភេទក្នុងនោះមានអនុរក្ស គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៤៥២នាក់ ដោយបែងចែកការប្រមូលផ្ដុំជា ៣ជំហានដោយជំហានទី១ មានកីឡា ១០ប្រភេទត្រូវបានអនុញ្ញាតឲ្យចូលប្រមូលផ្ដុំមុនកាលពីដើមខែតុលាកន្លងទៅ រហូតដល់ដំណាច់ឆ្នាំ២០២១ នេះ។ រីឯជំហានទី២ មានកីឡា ៥ប្រភេទ និងជំហានទី៣ មានកីឡា ៣ប្រភេទដែលគ្រោងចូលប្រមូលផ្ដុំជាបន្ដបន្ទាប់នាពេលខាងមុខ។ ចំណែកទម្រង់ទី២ មជ្ឈមណ្ឌលសហការជាមួយសហព័ន្ធកីឡាជាតិដែលមានលទ្ធភាព និងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ដោយអនុវត្តតាមគោលការណ៍ និងស្ដង់ដារ SOP តែមួយដើម្បីឲ្យសហព័ន្ធអាចរៀបចំ និងដំណើរការខ្លួនឯងបានប្រកបដោយសុវត្ថិភាព។
លោកបន្ដថា ការបិទខ្ទប់ហ្វឹកហាត់នេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាថ្នាក់ដឹកនាំ CAMSOC ផ្សេងៗទៀត រួមទាំងថ្នាក់ដឹកនាំក្រសួងអប់រំ ដើម្បីជំរុញការហ្វឹកហាត់ឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាពត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាមផង ពិសេសត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង៕
អត្ថបទ៖ លី ឈុនឡា