ក្រសួងការបរទេសអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ បានថ្កោលទោសអ៊ីស្រាអែលយ៉ាងដាច់អហង្ការចំពោះការរឹបអូសយកតំបន់ទ្រនាប់ស៊ីរីនៅតំបន់ខ្ពង់រាប Golan Heights និងទឹកដីជិតខាង។

ក្រសួងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សកម្មភាពនេះ គឺជាការរំលោភច្បាប់អន្តរជាតិ និងសេចក្តីសម្រេចដែលពាក់ព័ន្ធនៃភាពស្របច្បាប់អន្តរជាតិ»។
ក្រសួងគូសបញ្ជាក់អំពីសារៈសំខាន់នៃការគោរពអធិបតេយ្យភាពរបស់ប្រទេសស៊ីរី និងរក្សាស្ថិរភាព ឯកភាព និងបូរណភាពទឹកដី ក៏ដូចជាតម្រូវការ ដើម្បីចៀសវាងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃ ក្នុងរបស់ខ្លួន។

ក្រសួងនេះ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យទទួលខុសត្រូវរបស់ខ្លួន ក្នុងការថ្កោលទោសការឈ្លានពាននេះ និងចាត់វិធានការ ដើម្បីបញ្ចប់ការរំលោភបំពានដែលកេងយកផលចំណេញលើស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសស៊ីរី។
យោងតាមប្រភពពីស៊ីរី និងអ៊ីស្រាអែល បានឲ្យដឹងថា យោធាអ៊ីស្រាអែល បានឆ្លងចូលទៅក្នុងតំបន់ ទ្រនាប់គ្មានយោធា ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ ១៩៧៤ រវាងអ៊ីស្រាអែល និងស៊ីរី ដោយបានកាន់កាប់តំបន់ព្រំដែន ចាប់តាំងពីថ្ងៃចន្ទ។