អ៊ីរ៉ង់៖ អ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់របស់អ៊ីរ៉ង់បាននិយាយថា កិច្ចចរចាពហុភាគីនៅរដ្ឋធានីវីយែនប្រទេសអូទ្រីសដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ប្រទេសជាមួយមហាអំណាចពិភពលោកនឹងចាប់ផ្ដើមឡើងវិញមុនដំណាច់ខែវិច្ឆិកា។

លោក Ali Bagheri Kani ដែលបានក្លាយជាប្រធានអ្នកចរចានុយក្លេអ៊ែរថ្មីកាលពីពាក់កណ្តាលខែកញ្ញា បានប្រកាសព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃពុធជាមួយក្រុមមន្ត្រីអឺរ៉ុបនៅទីក្រុងប្រ៊ូសសែល ដោយនិយាយថាកាលបរិច្ឆេទពិតជាក់លាក់នឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ។ កិច្ចចរចា ៦ជុំជាមួយប្រទេសចិន រុស្ស៊ី អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេសនៅរដ្ឋធានីអូទ្រីស ដោយមានសហរដ្ឋអាមេរិកចូលរួមដោយប្រយោលបានបញ្ចប់កាលពីចុងខែមិថុនា ដើម្បីអនុញ្ញាតឱ្យរដ្ឋបាលរបស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ចាប់ផ្តើមការចរចាជាថ្មី។
សហរដ្ឋអាមេរិកដែលបានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាឯកតោភាគី ដែលត្រូវបានគេស្គាល់ជាផ្លូវការថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) កាលពីក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ បាននិយាយជាច្រើនសប្តាហ៍ថា ទ្វារវិលត្រលប់ទៅរកកិច្ចចរចានឹងមិននៅតែបើកចំហជារៀងរហូតនោះទេ ខណៈដែលក្រុមមន្ត្រីអ៊ីរ៉ង់បាននិយាយថា ពួកគេនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ៕
អត្ថបទ៖ សុខមាន