រដ្ឋអាជ្ញាកំពូលរបស់ប្រទេស នៅថ្ងៃអង្គារ (ទី១០ ខែធ្នូ) នេះ បានឲ្យដឹងថា ប្រទេសចិនបានចាប់ខ្លួនអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងលេខាបក្ស លោក Tang Renjian ពីបទសង្ស័យថា បានស៊ីសំណូក ដោយនេះជាមន្ត្រីចុងក្រោយបង្អស់ដែលជាប់ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក ស៊ី ជីនពីង។
រដ្ឋអាជ្ញាកំពូល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ថ្មីៗនេះ រដ្ឋអាជ្ញាកំពូលប្រជាជនចិន បានសម្រេចចាប់ខ្លួន លោក Tang Renjian ពីបទសង្ស័យទទួលសំណូក ស្របតាមច្បាប់»។
សំណុំរឿងដែលត្រូវបានបញ្ចប់ការស៊ើបអង្កេតដោយគណៈកម្មាធិការត្រួតពិនិត្យជាតិ កំពុងត្រូវបានបន្តដំណើរការបន្ថែមទៀត។
ជោគវាសនាអាក្រក់របស់លោក Tang កើតមានយ៉ាងឆាប់រហ័សជាពិសេស ហើយកើតឡើងចំពេលយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លារបស់លោក ស៊ី ដែលបានកំណត់គោលដៅលើអតីតរដ្ឋមន្ត្រីការពារជាតិ លោក Li Shangfu និងអ្នកស្នងតំណែងមុនរបស់លោក គឺលោក Wei Fenghe ផងដែរ។
លោក Tang វ័យ ៦២ឆ្នាំ ត្រូវបានដកចេញពីបញ្ជីថ្នាក់ដឹកនាំនៃគេហទំព័ររបស់ក្រសួង នៅក្នុងខែឧសភា ហើយត្រូវបានបណ្តេញចេញពីបក្សកុម្មុយនីស្ត នៅ ៦ខែក្រោយមក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោក Tang ត្រូវបានរកឃើញថា បានទទួលយកអំណោយ និងប្រាក់ដោយបំពានលើបទប្បញ្ញត្តិ ដោយប្រើប្រាស់សិទ្ធិអំណាចរបស់លោក ក្នុងការផ្តល់ជំនួយដល់សកម្មភាពអាជីវកម្មរបស់សាច់ញាតិរបស់លោក និងការជ្រៀតជ្រែកក្នុងនីតិវិធីតុលាការ៕