នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម(Hassan bin Abdullah Al Ghanim)ប្រធានរដ្ឋសភានៃរដ្ឋកាតា បានសម្ដែងការកោតសរសើរ ជំហរអព្យាក្រឹត្យរបស់កម្ពុជា ចំពោះបញ្ហាប៉ាឡេស្ទីន និងបានចាត់ទុកទស្សនកិច្ចរបស់សម្តេចតេជោនាពេលនេះល្អណាស់ សម្រាប់ការជំរុញទំនាក់ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗ រវាងប្រទេសកម្ពុជា និងកាតា។

ក្នុងកិច្ចជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ លោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋកាតា ហើយលោកបានលើកឡើងថា កាតាមានតួនាទីសំខាន់នៅក្នុងតំបន់ និងពិភពលោក និងចូលរួមចំណែកក្នុងការសម្របសម្រួល ដើម្បីឱ្យមានដំណោះស្រាយបញ្ហាអន្តរជាតិដូចជា អ៊ុយក្រែន ប៉ាឡេស្ទីន និង អាហ្វានីស្ថានជាដើម។

លោកបានបន្តថា កាតាបានខិតខំធ្វើការដើម្បី ឱ្យមានបទឈប់បាញ់ក្នុងផលប្រយោជន៍ សន្តិភាព និងប្រជាជន ហើយកាតាក៏មានសុទិដ្ឋិនិយមថា បណ្តាសភានៅក្នុងសកលលោក ដែលស្រឡាញ់សន្តិភាពនឹងរួមដៃគ្នាធ្វើកិច្ចការនេះផងដែរ។ លោកបានសង្កត់ធ្ងន់ថា ធម្មនុញសន្តិភាព សកលលោក មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព ហើយលោកបានអះអាងថា កាតានឹងធ្វើការជាមួយកម្ពុជា ដើម្បីសន្តិភាពពិភពលោក និងប្រឆាំងសង្គ្រាម។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរគុណ ចំពោះលោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម ចំពោះការលើកឡើងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-កាតា និងតួនាទីរបស់សភា ក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។ សម្តេចប្រធានព្រឹទ្ធសភាបានលើកឡើងទៀតថា សម្តេចពិតជារីករាយនឹងដំណើរទស្សនកិច្ចនៅរដ្ឋកាតា ដែលនឹងពង្រឹងទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា និងកាតា។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រទេសយើងទាំងពីរ(កម្ពុជា-កាតា) ត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជកម្ម ខណៈប្រទេសកាតាមានសន្តិសុខថាមពល ហើយកម្ពុជាមានសន្តិសុខស្បៀង។

នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណាប់អារម្មណ៍ចង់បាន អ្នកវិនិយោគិនកាតាមកកម្ពុជា និងចង់ឃើញ ការពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ ដោយសារសភាពការពិភពលោកស្មុគស្មាញ ហើយជាមួយគ្នានោះសម្តេចតេជោបានទទួលស្គាល់ ដោយការពេញចិត្ត និងវាយតម្លៃខ្ពស់នូវតួនាទីរបស់កាតា នៅលើឆាកអន្តរជាតិ ដូចជាការចរចាពាណិជ្ជកម្មពិភពលោក ក្នុងក្របខ័ណ្ឌ Doha Round ជាដើម។ សម្តេចបានលើកឡើងទៀតថា ជំហររបស់កាតានិងកម្ពុជាលើបញ្ហាអន្តរជាតិ និងតំបន់មិនខុសគ្នាទេ ខណៈប្រទេសកម្ពុជា និងកាតា តូចយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសយើងទាំងពីរត្រូវចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានអញ្ជើញ លោកប្រធានសភាកាតា មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខផងដែរ៕ អត្ថបទ៖ បាន ចក់

