ជនភៀសខ្លួនស៊ីរីរាប់ពាន់នាក់ បានបន្តសម្រុកត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញពីប្រទេសជិតខាង បន្ទាប់ពីការដួលរលំរបបប្រធានាធិបតីលោក Bashar Al-Assad ដោយពួកគេបង្ហាញទឹកមុខ និងអារម្មណ៍រីករាយ ក្នុងក្ដីសង្ឃឹមកសាងប្រទេសជាតិឡើងវិញ។

ភាគច្រើននៃពួកគេ គឺត្រឡប់មកពីប្រទេសទួរគី និងលីបង់ ខណៈប្រទេសអឺរ៉ុបមួយចំនួនបានចាប់ផ្តើមផ្អាកការស្នើសុំសិទ្ធិជ្រកកោនសម្រាប់ជនជាតិស៊ីរីដែលរត់ចេញពីការគ្រប់គ្រងរបស់លោក Assad ។

រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan បាននិយាយថាទីក្រុងអង់ការ៉ាបានប្តេជ្ញាចិត្តក្នុងការសម្របសម្រួលការវិលត្រឡប់ដោយស្ម័គ្រចិត្ត និងសុវត្ថិភាពរបស់ជនភៀសខ្លួនស៊ីរីដែលខ្លួនផ្ដល់ជម្រក និងរួមចំណែកដល់ការកសាងប្រទេសស៊ីរីឡើងវិញ។

លោក Fidan បាននិយាយថាទួរគី ត្រៀមខ្លួនជាស្រេចដើម្បីជួយកសាងស៊ីរីឡើងវិញ ហើយកំពុងសម្របសម្រួលជាមួយតួអង្គពាក់ព័ន្ធ និងភាគីក្នុងតំបន់។
បច្ចុប្បន្ននេះ ជនភៀសខ្លួនស៊ីរី កំពុងសម្រុកចាកចេញពីទូទាំងតំបន់នានា រួមទាំងទីក្រុងអ៊ីស្តង់ប៊ុល ទីក្រុងប៊ូរសា(Bursa) និងទីក្រុង កាយសេរី (Kayseri)របស់ប្រទេសទួរគី ដើម្បីត្រៀមខ្លួនធ្វើដំណើរ ត្រឡប់ទៅប្រទេសស៊ីរីវិញ។
នៅក្នុងប្រទេសលីបង់ ប្រជាជនស៊ីរីរាប់រយនាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ និងនៅតាមតំបន់ផ្សេងៗ សំដៅទៅដល់ច្រកព្រំដែន ម៉ាស្នា(Masnaa) ត្រៀមវិលត្រឡប់ទៅផ្ទះវិញ។
យោងតាមកាសែត Al-Akhbar ប្រភពសន្តិសុខលីបង់បានប៉ាន់ប្រមាណថាមានជនជាតិស៊ីរីជាង ៥.០០០នាក់ បានឆ្លងចូលទៅក្នុងប្រទេសស៊ីរីតាមច្រកព្រំដែនស្របច្បាប់ និងខុសច្បាប់នៅក្នុងតំបន់បេកាអា (Bekaa) របស់ប្រទេសលីបង់៕