កូនប្រុសវ័យជំទង់ Mamuka របស់លោកយាយ Marina Terishvili វ័យ ៧៥ឆ្នាំ ត្រូវបានបាញ់សម្លាប់ អំឡុងការដង្ហែរក្បួនជាតិនិយមនៅប្រទេសហ្សកហ្ស៊ី កាលពីឆ្នាំ ១៩៩២ ហើយឥឡូវកូនប្រុសច្បងរបស់គាត់គឺលោក Giorgi ត្រូវបានចាប់ខ្លួនទៀត សម្រាប់ការរួមចំណែករបស់លោកនៅក្នុងបាតុកម្មប្រឆាំងឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងប្រទេសកំណើតរបស់ពួកគេ ។

លោកយាយនិយាយថា រថយន្តនគរបាល ៧គ្រឿង បានមកដល់ផ្ទះរបស់គាត់នៅក្នុងរដ្ឋធានី Tbilisi កាលពីថ្ងៃសុក្រ និងបាននាំខ្លួនលោក Giorgi ដែលជាអ្នកបើករថយន្តតាក់ស៊ីវ័យ ៥២ឆ្នាំ យកទៅឃុំខ្លួន ។
យោងតាមការអះអាងរបស់ក្រុមសិទ្ធិមនុស្ស និងសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា លោក Giorgi ត្រូវឃុំខ្លួនរយៈពេល ២ខែមុនការកាត់ទោស សម្រាប់ការចូលរួមជាមួយក្រុមប្រើអំពើហិង្សា ហើយនិងប្រឈមការជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ បើសិនជាកាត់ទោសរួច គឺជាផ្នែកមួយនៃវិធានការបោសសម្អាត់ទ្រង់ទ្រាយធំលើក្រុមបាតុករដែលប៉ះទង្គិចនៅពេលយប់ជាមួយក្រុមនគរបាលអស់រយៈពេលជិត ២សប្តាហ៍ ។
ក្រុមសិទ្ធិមនុស្សសមាគមមេធាវីវ័យក្មេងហ្សកហ្ស៊ី និយាយថា គាត់មិនទាន់ផ្តល់ចម្លើយនោះទេ ហើយលោកយាយ Marina Terishvili និយាយថា លោកយាយពុំបានដឹងពីមូលហេតុដែលកូនប្រុសច្បងរបស់គាត់ត្រូវបានគេឃុំខ្លួននោះដែរ ។

លោកយាយ Marina និយាយថា លោកយាយមិនអាចប្រកែកបានទេ រឿងដែលកូនប្រុសច្បងរបស់គាត់ចូលរួមដង្ហែរក្បួនតវ៉ា ពីព្រោះថា ប្អូនប្រុសម្នាក់បានស្លាប់កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៩៩២ ហើយកូនប្រុសច្បងរបស់គាត់ទៅទីនោះ ដើម្បីរំឭកដល់ព្រលឹងវិញ្ញាណប្អូនប្រុសគេប៉ុណ្ណោះ ។
លោក Giorgi ស្ថិតនៅក្នុងចំណោមមនុស្សជាង ៤០០នាក់ ដែលក្រុមអាជ្ញាធរ និងក្រុមសិទ្ធិមនុស្សនិយាយថា ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងចំណាត់ការរបស់រដ្ឋាភិបាលហ្សកហ្ស៊ី ពន្យាពេលការប៉ុនប៉ងជាយូររបស់ពួកគេ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប(EU) ៕

