ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ការផ្ទុះបានធ្វើឲ្យកក្រើកអគារលំនៅឋានដ៏ខ្ពស់មួយកន្លែង នៅក្នុងតំបន់ស៊ីវីល័យនៃទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន នៅថ្ងៃពុធ (ទី១១ ខែធ្នូ) នេះ។
កងពន្លត់អគ្គិភ័យទីក្រុង Shenzhen បានឲ្យដឹងថា ខ្លួនបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ១៦គ្រឿង និងបុគ្គលិកសង្គ្រោះចំនួន ៨០នាក់ បន្ទាប់ពីទទួលបានសេចក្ដីរាយការន៍ពី «ភាពអាសន្ន» នៅឯបរិវេណនោះនៅម៉ោង ២:៤៦នាទីរសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦:៤៦នាទី ម៉ោងសកល)។
រូបភាពវីដេអូមួយដែលត្រូវបានបង្ហោះដោយទូរទស្សន៍ Phoenix TV បានបង្ហាញពីអណ្តាតភ្លើងដ៏សន្ធោសន្ធៅបានឆាបឆេះផ្នែកខាងក្រៅនៃអគារ ដោយមានសំណុំផ្សែងក្រាស់ឃ្មឹកហុយទ្រលោមទៅលើអាកាស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា កម្មករនៅក្នុងអគារកម្ពស់ ៦៦ជាន់ ក្បែរនោះ គឺអាគារ China Resources Tower ដែលជាកម្មសិទ្ធិរបស់សហគ្រាសគ្រប់គ្រងដោយរដ្ឋ បានប្រាប់ថា ពួកគេមានអារម្មណ៍ញ័ររន្ធត់យ៉ាងខ្លាំង បន្ទាប់ពីមានការផ្ទុះនោះ ដោយក្រុមហ៊ុនមួយចំនួន នៅក្នុងអគារ បានជម្លៀសបុគ្គលិករបស់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍បន្ថែមទៀតថា ការស៊ើបអង្កេតបឋម បានរកឃើញថា ការផ្ទុះនេះ គឺបណ្តាលមកពីការផ្ទុះហ្គាស។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សម្នាក់ បានធ្លាក់ពីលើអគារ ក្រោយមានហេតុការណ៍ផ្ទុះនោះ។
ការបំផ្ទុះនេះបានកើតឡើងនៅក្នុងអាគារខុនដូលំដាប់ខ្ពស់មួយ ក្នុងតំបន់ដ៏ស៊ីវីល័យនេះ ដែលជាទីតាំងនៃទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនធំៗជាច្រើន ក្នុងនោះមានរួមទាំងក្រុមហ៊ុន Tencent ផងដែរ។ ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា ព័ត៌មានលម្អិតបន្ថែម អំពីស្ថានការណ៍នេះ កំពុងត្រូវបានផ្ទៀងផ្ទាត់៕