ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump កំពុងរៀបចំផែនដាក់បទបញ្ជាប្រតិបត្តិ និងសេចក្ដីណែនាំជាង ២៥ចំណុច នៅថ្ងៃដំបូងនៃការចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខណៈលោកស្វះស្វែងរកការផ្លាស់ប្តូរដ៏ធំនូវគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់ពីបញ្ហាពីអន្តោប្រវេសន៍ ទៅដល់ថាមពល។

ប្រភពពីរដែលដឹងពីកិច្ចខិតខំប្រឹងប្រែងនេះបាននិយាយថា លោក Trump បានប្រាប់ក្រុមរបស់លោកថា លោកចង់ធ្វើឱ្យ "ពុះកញ្ជ្រោល" ជាមួយនឹង "បទបញ្ជាថ្ងៃទីមួយ" ដោយសម្លឹងមើលការពង្រីកអំណាចប្រតិបត្តិរបស់ខ្លួនក្នុងអំឡុងអាណត្តិទីពីរនេះ។
លោក Trump ធ្លាប់បានចេញបញ្ជាបែបនេះតែប៉ុន្មានចំណុចប៉ុណ្ណោះនៅថ្ងៃដំបូងនៃអាណត្តិទីមួយជាប្រធានាធិបតីឆ្នាំ២០១៧-២០២១ របស់លោក។ ផ្ទុយទៅវិញ ប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Joe Biden បានចេញបទបញ្ជាប្រតិបត្តិចំនួន ១៧ចំណុច នៅថ្ងៃដំបូងរបស់ខ្លួនក្នុងការកាន់តំណែងនៅឆ្នាំ២០២១ ដែលភាគច្រើនគឺសំដៅលើការលុបចោលគោលនយោបាយរបស់លោក Trump។

ប្រភពសង្កត់ធ្ងន់ថា មានការទទួលស្គាល់ផ្ទៃក្នុងថា សកម្មភាពនីមួយៗតម្រូវឱ្យមានការសម្របសម្រួលយ៉ាងច្រើនក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ដែលអាចពន្យឺតដំណើរការគ្រប់យ៉ាង និងកាត់បន្ថយចំនួនសរុបនៃ "បទបញ្ជាថ្ងៃទីមួយ" នោះ។ ប្រភពបន្ថែមថា បទបញ្ជា និងសេចក្ដីណែនាំបន្ថែមនឹងត្រូវដាក់ចេញនៅប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍បន្ទាប់ទៀត៕