រដ្ឋាភិបាលរបស់ប្រទេសហៃទី កាលពីថ្ងៃពុធ (១១ ធ្នូ) បានប្រារព្ធពិធីបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិ ទួសង់ លូវែកតេ (Toussaint Louverture) នៃរដ្ឋធានីឡើងវិញ ដែលបានបិទតាំងពីខែមុនមក ខណៈក្រុមឃ្លាំមើលអាកាសចរណ៍របស់សហរដ្ឋអាមេរិក បានបន្តការហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក មិនឱ្យហោះហើរនៅទីនោះ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថា ខ្លួននឹងបន្តការហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដែលហោះហើរចូល ឬចេញពីរដ្ឋធានីព័រអូប្រាំង រហូតដល់ថ្ងៃទី១២ ខែមីនា។
អាជ្ញាធរអាកាសចរណ៍ហៃទី បានចេញប្រកាសខ្លីមួយកាលពីថ្ងៃពុធ ដោយបញ្ជាក់ថា អាកាសយានដ្ឋានរបស់រដ្ឋធានី កំពុងដំណើរការធម្មតាឡើងវិញ ហើយរដ្ឋាភិបាលបណ្តោះអាសន្នហៃទី និយាយថាខ្លួនបានបន្ថែមការល្បាត និងប៉ុស្តិ៍ត្រួតពិនិត្យថ្មីនៅជុំវិញព្រលានយន្តហោះ។
ការបិទមជ្ឈមណ្ឌលដឹកជញ្ជូនជើងអាកាសដ៏សំខាន់ ដែលជាលើកទីពីរក្នុងឆ្នាំនេះ បានបង្ហាញពីការប៉ះទង្គិចមួយផ្សេងទៀតដល់សេដ្ឋកិច្ចប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ ខណៈហៃទី បន្តប្រយុទ្ធប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជនអន្ធពាល ដែលបានធ្វើឱ្យមនុស្សជាង ៧០០.០០០នាក់ ត្រូវភៀសខ្លួន និងជួបប្រទះអសន្តិសុខស្បៀងអាហារ៕