នាយករដ្ឋមន្ត្រីជ្វីហ្វ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយនៅពេលថ្លែងនៅក្នុងសម័យប្រជុំពិសេសនៃសភា ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉ារ៉ាហ្គាយលោក Santiago Pena ដែលគ្រោងនឹងបើកស្ថានទូតរបស់ប្រទេសរបស់លោក នៅក្នុងទីក្រុងនេះ នៅថ្ងៃទី១២ ខែធ្នូថា អ៊ីស្រាអែល មានបំណងរក្សាការគ្រប់គ្រងរបស់ខ្លួនលើគ្រប់ផ្នែកទាំងអស់នៃទីក្រុងហ្ស៊េរុយសាឡឹម ជារៀងរហូត ហើយនឹងមិនអនុញ្ញាតឲ្យមានការបែងចែកវាទៀតឡើយ។
លោក ណេតាន់យ៉ាហ៊ូ បានថ្លែងចេញពីបន្ទប់ប្រជុំសភាថា៖«យើងបានបង្រួបបង្រួមទីក្រុងហ្ស៊េរុយសាឡឹមកាលពី ៥៧ ឆ្នាំមុន ហើយវានឹងមិនបែកម្តងទៀតទេ។ ទីក្រុងហ្ស៊េរុយសាឡឹម នឹងនៅតែរួបរួមគ្នា ក្រោមអធិបតេយ្យភាពរបស់អ៊ីស្រាអែល។ ប្រសិនបើយើងមិននៅទីនេះទេ ក្រុមជ្រុលនិយម នឹងមកកាន់ទីនេះ ដោយនាំឲ្យមានការស្លាប់ និងការបំផ្លិចបំផ្លាញ នៅទូទាំងមជ្ឈិមបូព៌ា។ ដោយមានជំនួយពីព្រះ អ៊ីស្រាអែលនឹងរក្សាក្រុងហ្ស៊េរុយសាឡឹមឲ្យមានសាមគ្គីភាពសម្រាប់មនុស្សជំនាន់ក្រោយ»។
ស្ថានភាពទីក្រុងហ្ស៊េរុយសាឡឹម គឺជាបញ្ហាសំខាន់មួយ ក្នុងជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ជនជាតិអ៊ីស្រាអែល បានកាន់កាប់ផ្នែកខាងកើតនៃទីក្រុងនេះ អំឡុងសង្គ្រាមឆ្នាំ ១៩៦៧ ហើយបានទទូចថា ក្រុងហ្ស៊េរុយសាឡឹម គឺជារដ្ឋធានីដ៏សំខាន់និងមិនអាចបំបែកបានរបស់អ៊ីស្រាអែល។ តាមសេចក្តីសម្រេចលេខ ៤៧៨ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៩៨០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានច្រានចោលសិទ្ធិរបស់អ៊ីស្រាអែលកាន់កាប់ទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ហើយបានអំពាវនាវឲ្យសមាជិកនៃអង្គការពិភពលោកនេះ ដកបេសកម្មការទូតរបស់ពួកគេ ចេញពីទីក្រុងនេះ។