បាល់ទាត់៖ ក្រុមសេះបង្កង់ Juventus បានស្គាល់បរាជ័យលើកទី៣ នៅ Serie A រដូវកាលនេះក្រោយចាញ់ Sassuolo ២-១ ក្នុងទឹកដីខ្លួនឯងយប់ថ្ងៃពុធម្សិលមិញ។ Davide Frattesi បើកការនាំមុខមុនឱ្យ Sassuolo នៅនាទីទី៤៤ ចុងវគ្គទី១ មុនពេលដែល Weston McKennie តែតបញ្ចូលទីតាមស្មើវិញនៅនាទីទី៧៦ ពីបាល់ Freekick របស់ Paulo Dybala។

យ៉ាងណាក្តីក្រុមរបស់លោក Massimiliano Allegri មិនអាចធ្វើអ្វីក្រុមភ្ញៀវបានឡើយនៅពេលវេលាដែលនៅសល់ និងផ្ទុយទៅវិញក៏ភ្លាត់ចុងម៉ោងនាទីទី៩០+៥ ទៅហើយ Maxime Lopez គឺជាអ្នកស៊ុតគ្រាប់ជ័យជំនះឱ្យ Sassuolo នៅទីបញ្ចប់។ បរាជ័យនេះធ្វើឱ្យ Juventus នៅពេលនេះធ្លាក់ដល់លេខ៧ ដេញពីក្រោយក្រុមកំពូលតារាង AC Milan ដល់ទៅ ១៣ពិន្ទុ ខណៈ Sassuolo ឡើងមកលេខ៩ ដេញពីក្រោយ Juventus ១ពិន្ទុ។ នេះជាជ័យជំនះដំបូងរបស់ Sassuolo នៅលើទឹកដី Juventus ក្នុងចំណោមការប៉ុនប៉ង ៩លើក។

ជាលើកទី២ ផងដែរសំរាប់ Juventus តាំងពីឆ្នាំ១៩៩៦ ដែលចាញ់ ៣ប្រកួតក្នុងចំណោម ១០ប្រកួតដំបូងនៃរដូវកាល។ លទ្ធផលផ្សេងទៀត Inter Milan ឈ្នះនៅទឹកដី Empoli ២-០ បន្តឈរលេខ៣ ដេញពីក្រោយ AC Milan ៨ពិន្ទុ ខណៈ Roma ក៏យកឈ្នះនៅទឹកដី Cagliari ២-១ បន្តឈរលេខ៤ មាន ១៩ពិន្ទុដេញពីក្រោយ AC Milan ៩ពិន្ទុ។ ក្រុមលេខ២ គឺ Napoli ដេញពីក្រោយ AC Milan ៣ពិន្ទុតែមិនទាន់ប្រកួតឡើយពោលគឺជួប Bologna យប់នេះ៕
អត្ថបទ៖នាង សុភាវុធ