វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ច្បាស់ណាស់ រុស្ស៊ីនឹងឆ្លើយតប ចំពោះការប្រើប្រាស់ចុងក្រោយរបស់អ៊ុយក្រែននូវមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើដែនដីរុស្ស៊ី។
កាលពីថ្ងៃពុធ (ទី១១ ខែធ្នូ) រុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានវាយប្រហារលើអាកាសយានដ្ឋានយោធានៅសមុទ្រ Azov ដោយប្រើប្រាស់មីស៊ីលបាលីស្ទិក ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន ៦គ្រាប់ ជាសកម្មភាពដែលអាចជំរុញឲ្យទីក្រុងមូស្គូបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងកម្រិតមធ្យមមួយទៀតទៅអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ី បានប្រាប់កាលពីថ្ងៃពុធនោះថា៖ «ការវាយប្រហារដោយអាវុធរយៈចម្ងាយឆ្ងាយរបស់ប្រទេសលោកខាងលិច នឹងមិនប្រព្រឹត្តិទៅដោយមិនមានការឆ្លើយតបនោះលើយ ហើយវិធានការសមស្របនឹងត្រូវបានធ្វើឡើង»។ តែគេមិនច្បាស់ទេថា តើរុស្ស៊ីនឹងឆ្លើយតបបែបណានោះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «ខ្ញុំចង់រំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍ច្បាស់ៗគ្រប់យ៉ាង និងដោយផ្ទាល់របស់ក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី ដែលបានធ្វើឡើងកាលពីម្សិលមិញ ដែលជាជាការលើកឡើងយ៉ាងច្បាស់លាស់ថា ការឆ្លើយតបនឹងកើតឡើង»។ លោក Peskov បានបន្ថែមថា៖ «ការឆ្លើយតបនឹងធ្វើតាមតាមរបៀបដែលចាត់ទុកថាសមស្រប។ ប៉ុន្តែច្បាស់ណាស់ វានឹងកើតឡើងនាពេលបន្ទាប់»។
គួររំលឹកថា រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេងកម្រិតមធ្យមថ្មី ដែលគេស្គាល់ថា «Oreshnik» ឬ «Hazel Tree» ចូលទៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ជាអ្វីដែលប្រធានាធិបតី លោក Vladimir Putin បាននិយាយថា គឺជាការឆ្លើយតបដោយផ្ទាល់ ចំពោះការវាយប្រហារលើប្រទេសរុស្ស៊ីពីសំណាក់កងកម្លាំងអ៊ុយក្រែនដោយប្រើមីស៊ីលអាមេរិក និងអង់គ្លេស៕