ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានិត ថ្លែងថា ការបើកចំហរទូលាយដល់និយោគិនក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល នឹងជួយឱ្យការអភិវឌ្ឍប្រទេសកម្ពុជាកាន់តែទាក់ទាញ និងរីកចម្រើន។
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការនូវសមិទ្ធផលថ្មីៗ របស់ក្រុមហ៊ុន យិះចៀ ធួរីហ្សឹម ឌីវេឡុបមែន ខមភេនី នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ និងមានការចូលរួមពីឯកឧត្តម នាយឧត្តមកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្រ្តី ព្រមទាំងអាជ្ញាធរ-អង្គភាពជុំវិញខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានិត បានកោតសរសើរចំពោះកិច្ចខិតខំរបស់ក្រុមហ៊ុន យិះចៀ ចំពោះការខិតខំអភិវឌ្ឍកែលម្អប្រកបដោយភាពទាក់ទាញនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់នេះ។
ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលតែងតែបើកឱកាសជាចំហរសម្រាប់ការវិនិយោគ ជាក់ស្តែងដូចក្រុមហ៊ុនវិនិយោគ យិះចៀ បានទទួលសិទ្ធិវិនិយោគអភិវឌ្ឍប្រែក្លាយតំបន់ព្រៃស្រោងដែលគ្មានផ្លូវសម្រាប់ធ្វើដំណើរ មកជាមណ្ឌលទេសចរណ៍ប្រកបដោយភាពទាក់ទាញ ស្អាត និងបៃតង អាចទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។
ឯកឧត្តម ហ៊ុន ម៉ានិត បានលើកទឹកចិត្តដល់ក្រុមហ៊ុន យិះចៀ សូមបន្តគិតគូរពីការអភិវឌ្ឍប្រកបដោយចីរភាព ផ្សារភ្ជាប់ជាមួយភាពបៃតង និងបើកឱកាសឱ្យប្រជាពលរដ្ឋដែលមានជំនាញក្នុងវិស័យទេសចរណ៍ បានបម្រើការងារឱ្យកាន់តែច្រើន ជាពិសេសសូមបង្កើនការផ្សព្វផ្សាយពីភាពទាក់ទាញនៅតំបន់វិស្សមកាលឆ្នេរមាសឆ្នេរប្រាក់ ក៏ដូចជាគោលដៅទេសចរណ៍ផ្សេងទៀតរបស់កម្ពុជាទៅកាន់ភ្ញៀវទេសចរអន្តរជាតិនានា ដើម្បីជំរុញចលនាភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែមានកំណើន។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានិត បានរម្លឹកពីគោលជំហររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគបានលើកជារើយៗដោយធ្វើយ៉ាងណារៀបចំខេត្តព្រះសីហនុឱ្យក្លាយជាខេត្តគំរូ មិនថាហេដ្ឋារចនាសម្ព័ន្ធនោះទេ ឬកិច្ចការការងារគ្រប់គ្រងទូទៅ។
ឯកឧត្តម ហ៊ុន ម៉ានិត បានបន្តថា ដើម្បីឱ្យគោលបំណងរបស់រាជរដ្ឋាភិបាល ដំណើរទៅបានជោគជ័យ ការអភិវឌ្ឍនៅខេត្តព្រះសីហនុកាន់តែលឿន ការវិនិយោគហូរចូលកាន់តែច្រើន ឬភ្ញៀវទេសចរកាន់តែច្រើន កត្តាចម្បងគឺសន្តិសុខនៅក្នុងខេត្ត ដូច្នេះសូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ និងបង្កើនពង្រឹងការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម។
ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងថា ប្រសិនបើមិនជំរុញការកាត់បន្ថយបញ្ហាសន្តិសុខនោះទេ នោះលទ្ធភាពការទាក់ទាញភ្ញៀវទេសចរនៅមានកម្រិត ការទាក់ទាញក្រុមអ្នកវិនិយោគនៅក្នុងខេត្តក៏នៅមានកម្រិត ខណៈសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងច្បាស់ថា ដោយត្រូវរៀបចំខេត្តព្រះសីហនុជាខេត្តគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចពិសេសសំខាន់របស់ប្រទេសកម្ពុជា។
ទន្ទឹមគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានិត បានបន្ថែមថា ភាគជោគជ័យរបស់ក្រុមហ៊ុន នាពេលនេះបានបង្ហាញយ៉ាងច្បាស់លាស់ សំដៅទាក់ទាញក្រុមហ៊ុនផ្សេងៗទៀតចូលមកប្រទេសកម្ពុជា មិនថាទាំងខេត្តព្រះសីហនុ ឬខេត្តផ្សេងៗ ដែលអាចឱ្យអ្នកវិនិយោគដទៃទៀតពិចារណា ដើម្បីមកបណ្តាក់ទុននៅកម្ពុជា៕














